(ភ្នំពេញ)៖ លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌» ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅផងដែរ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីចិន ដែលដឹកនាំដោយលោក SHENG YUNLAI នាយរងសេនាធិការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋានកងទ័ព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាករង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានលើកឡើងថា សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ព ចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ។
ឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «ឆ្នាំនេះកងទ័ពនិងសម្ភារខាងភាគីចិន នឹងមានចំនួនច្រើនជាងឆ្នាំមុនៗ ហើយនឹងធ្វើក្រោមបៀបវរៈ ជាច្រើន ដែលក្នុងនោះសំខាន់ជាងគេគឺសមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌ ហើយតាមរយៈសមយុទ្ធនេះនឹងធ្វើឱ្យកងទ័ព នៃប្រទេសទាំងពីរដូចបងប្អូននឹងគ្នាយ៉ាងដូច្នេះដែរ»។
ជាមួយគ្នានេះដែរលោក SHENG YUNLAI បានលើកឡើងថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅជាច្រើនថ្ងៃ ហើយនឹងធ្វើឱ្យកងទ័ព នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) កាន់តែជិតស្និតនិងគ្នាស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានយកចិត្តទុកដាក់ខ្ពស់ នាពេលកន្លងមកនោះ។ យ៉ាងណាក៏ដោយភាគីទាំងពីរបានមានសេចក្តីរំពឹងថាសមយុទ្ធនេះ នឹងប្រព្រឹត្តទៅប្រកបដោយភាពរលួន និងកាន់តែយល់ដឹងអំពីបទពិសោធន៍ រវាងគ្នា និងគ្នាកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រឆាំងអំពើភេរវកម្ម និងការជួយសង្រ្គោះមនុស្សចេញ ពីគ្រោះមហន្តរាយផ្សេងៗនោះ។
សូមជម្រាបថា ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងវិស្វកម្មអគ្គបញ្ជាការ សហការជាមួយកងពលតូចលេខ៧០ កំពុងធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័តនៃលំហាត់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យសកម្មភាពលំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជលគីរី ខេត្តកំពត៕