(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ធូរស្ថានការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស សហជីព អង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំងនោះ, នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភាជាតិនៃកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយទៀត ក្នុងន័យជូនដំណឹងអំពីការធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញ។
សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
ដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់វិសោធនកម្មខាងលើមានគោលដៅសំខាន់ៗគឺ៖
* បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើនយោបាយ
* បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើអាចទទួលបាននីតីសម្បទានឡើងវិញតាមច្បាប់។
វិសោធនកម្មនេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋព្រមទាំងលើកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ៕