(ព្រះវិហារ)៖ ចាត់ទុកជាសេចក្តីជូនដំណឹងមួយ ដល់ប្រជាពលរដ្ឋ ដែលចង់មកលេងកម្សាន្ត នៅក្នុងខេត្តព្រះវិហារ ពេលនេះផ្លូវជាច្រើនខ្សែ រួមមានផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែងជិត៨០០គីឡូម៉ែត្រ ត្រូវបានជួសជុលឡើងវិញបានសម្រេច១០០%ហើយ ក្រោយរងការខូចខាតកាលពីរដូវវស្សាកន្លងមកនេះ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមចំនួន២៩ខ្សែ មានប្រវែងសរុប៧៨៥គីឡូម៉ែត្រ នៅទូទាំងខេត្តព្រះវិហារ ដែលរងការខូចខាត ដោយសារទឹកភ្លៀងជោគជាំ នារដូវវស្សាកន្លងមកនេះ ត្រូវបានជួសជុលឡើងវិញ បានសម្រេចលទ្ធផល១០០%ហើយ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរ ក៏ដូចជា ការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ ទៅកាន់ទីផ្សារមានភាពងាយស្រួល និងឆាប់រហស័ផងដែរ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក៏ត្រូវបានជួសជុលបាន១០០%ហើយដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វដំណើរ បំពេញបេសកកម្ម របស់កងកម្លាំងនៅតាមព្រំដែន៕