(ពោធិ៍សាត់)៖ ដោយមានការទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានធ្វើឲ្យប្រទេសជាមិត្ត សប្បុរសជន និងអង្គការជាតិអន្ដរជាតិនានា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ដោយបានជួយសាងសង់អគារបម្រើការងារ ផ្ដល់ថ្នាំសង្កូវ បរិក្ខារពេទ្យ និងធ្វើជាអំណោយចែកជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យជាដើម។
ជាក់ស្ដែងពេលនេះ ក្រុមគ្រូពេទ្យមួយក្រុមមកពីប្រទេសបារាំង បានស្ម័គ្រចិត្តមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយមិនបង់ថ្លៃ ដែលមានរយៈពេល១៥ថ្ងៃ គឺពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
អ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសបារាំង បានឲ្យដឹងថា គ្រូពេទ្យដែលមកព្យាបាលនេះ មានអង្គការ ឡេសង់ហ្វង់ឌុយណូម៉ា និងអង្គការ អាងស័ងអ៊ីនវី សហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រួមជាមួយគ្រូពេទ្យឯកទេសវះកាត់ផ្នែកឆ្អឹង និងពោះ ព្យាបាលទៅលើរោគស្ត្រី វេជ្ជសាស្ត្រទូទៅ ជំងឺសើរស្បែក និងទន្តពេទ្យ។
លោកបានបន្តថា ម្យ៉ាងវិញទៀត គឺផ្ដោតសំខាន់ទៅលើការវះកាត់កុមារពិការមាត់ធ្មេញ (មាត់ឆែបពីកំណើត ឬឆែបដោយគ្រោះថ្នាក់អ្វីមួយ)។ ក្នុងការព្យាបាលនេះក្រុមគ្រូពេទ្យសុទ្ធតែមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ហើយការមកនេះគឺជាលើកទី០៣ហើយ សម្រាប់ខេត្តពោធិ៍សាត់។
ក្រុមគ្រូពេទ្យមានរថយន្ដចល័តមួយគ្រឿង សម្រាប់ចុះទៅព្យាបាលតាមភូមិ-ឃុំ បើអ្នកជំងឺមានស្ថានភាពតូចតាច អាចព្យាបាលបាននៅមូលដ្ឋាននោះគឺព្យាបាល តែបើធំដុំ គឺត្រូវដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដែលបានចូលរួមក្នុងពិធីបើកឲ្យដំណើរការ សេវាពិនិត្យ និងព្យាបាលជំងឺរបស់ក្រុម គ្រូពេទ្យបារាំង នៅព្រឹកថ្ងៃទី០៣ ខែធ្នូនេះ បានសម្ដែងការរីករាយ និងអរគុណចំពោះក្រុមគ្រូពេទ្យ ប្រទេសបារាំង ដែលបានស្ម័គ្រចិត្តឆ្លងទ្វីប គិតគូរពីសុខភាពប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលបានកំណត់វិស័យ០៣ ដែលត្រូវផ្ដោតសំខាន់ ជាចម្បងគឺ៖ ទី១៖ វិស័យសុខាភិបាល, ទី២៖ វិស័យកសិកម្ម និងទី៣វិស័យអភិវឌ្ឍន៍ជនបទ។
លោក អ៊ឹង គឹមលាង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ពិសេសកូនចៅមាត់ឆែប ត្រូវយកមកឲ្យគ្រូពេទ្យបរទេស ពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់គ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ នូវបទពិសោធន៍ឯកទេស ពីគ្រូពេទ្យបរទេស ដើម្បីទទួលបានចំណេះដឹង យកមកព្យាបាលអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ ដោយមិនអាចពឹងលើគេជារៀងរហូតនោះទេ៕