Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរាជការ និងពលរដ្ឋធ្វើដំណើរតាមផ្លូវត្អួញត្អែរថា សមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យ លើកំណាត់ផ្លូវជាតិលេខ៧៨ជាច្រើនកន្លែង

03-12-2018 15:58

(រតនគិរី)៖ ចម្ងាយផ្លូវប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គេសង្កេតឃើញមានប៉ុស្តិ៍ត្រួតពិនិត្យ០៥កន្លែង ដោយពួកគាត់មានចម្ងល់ថា ប្រទេសជាតិមានសុខសន្តិភាព, មានការអភិវឌ្ឍក្រោមការដឹកនាំសម្តេចតេជោ មិនគួរណាមានបែបនេះទេ។

បើតាមមន្ត្រីរាជការតូចតាចម្នាក់ សូមមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ៧៨នោះ បើមានដំណឹងថា មានគណៈប្រតិភូមកពីភ្នំពេញ ធ្វើដំណើរឆ្លងកាត់ទៅប្រជុំ នៅវៀតណាមម្តងៗ ពួកគេដកចេញ, ហើយការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺស្របពេលដែលមានសកម្មភាពការដឹកជញ្ជូនឈើ ទៅវៀតណាម ពោលគឺដើម្បីផលប្រយោជន៍មន្ត្រីខិលខូច មួយចំនួនតែប៉ុណ្ណោះ។

ជាក់ស្តែង នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំអាវុធហត្ថមួយក្រុម មិនស្គាល់អង្គភាព ប្រើមធ្យោបាយរថយន្ត ហាយឡិនឌ័រ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-5282 បានស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើ០១គ្រឿង លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិសោមកានិញ ឃុំសោមធំស្រុកអូរយ៉ាដាវ រួចមួយសន្ទុះក្រោយមកដោះលែង ឲ្យធ្វើដំណើរឆ្ពោះទៅវៀតណាម ដោយមិនអនុវត្តន៍ច្បាប់នោះទេ។

ជាមួយនឹងសកម្មភាពសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែងនេះដែរ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី សុំសំណូមពរទៅគណៈបញ្ជាការឯកភាពខេត្ត មេត្តាចុះត្រួតពិនិត្យផង។

ទាក់ទិនទៅនឹងសកម្មភាពសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែង លើកំណាត់ផ្លូវជាតិលេខ៧៨ ចាប់ពីទីរួមក្រុងបានលុង រហូតច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះដែរ ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរីបានទេ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ៕