(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់អនុរដ្ឋលេខាធិការ បានចេញមកច្រានចោលទំាំងស្រុង ចំពោះការចោទប្រកាន់ទំាំងឡាយ ពីសំណាក់អតីតអ្នកចាំដី របស់ខ្លួន ដែលបានវាយប្រហាររូបលោក តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងដីធ្លីមួយកន្លែងស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ករណីជម្លោះដីធ្លីរវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអតីតអ្នកចាំដីរបស់ខ្លួនគឺលោក មាស សុផាត បានប្តឹងប្តល់គ្នា តាំងពីតុលាការថ្នាក់ដំបូង រហូតដល់តុលាការកំពូល ប៉ុន្តែនៅទីបំផុតតុលាការកំពូល ក៏បានចេញសាលដីកាដោយច្រានចោលការទាមទារសុំឲ្យជំនុំជម្រះសាជាថ្មីរបស់បុគ្គល មាស សុផាត ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមសាលដីកាកំពូលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ មេធាវីលោក កើត សារ៉េត ក៏បានច្រានចោលទាំងស្រុងផងដែរ ចំពោះការចោទប្រកាន់ទាំងនេះ និងថាមិនបានធ្វើប្លង់រំលោភយកដីរបស់ឈ្មោះ មាស សុផាត(ហៅ កុយ) ដែលមានទីតាំងនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះឡើយ។ តាមរយៈមេធាវី, លោក កើត សារ៉េត បានបញ្ជាក់ថា គាត់មិនមែនជាអ្នកប្រព្រឹត្ដិអំពើល្មើសនេះដូចបុគ្គល មាស សុផាត ដែលបានចោទប្រកាន់លោកតាមបណ្ដាញសង្គមនោះទេ ជាហេតុធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំឡើយ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីសំណាក់លោក មាស សុផាត បាននោះទេចំពោះការបកស្រាយ និងច្រានចោល ពីសំណាក់លោក កើត សារ៉េត។
លោក កើត សារ៉េត បានរៀបរាប់ថា លោក មាស សុផាត ត្រូវបានលោកហៅមកស្នាក់នៅឲ្យចាំដី កាលពីអំឡុងឆ្នាំ១៩៩២ ដោយសារតែគាត់ក៏ត្រូវបងប្អូនខាងម្តាយ (តែសាច់ឆ្ងាយ) ហើយគាត់បែរជាមានគំនិតចង់បានដីរបស់លោក មកធ្វើជាកម្មសិទ្ធិខ្លួនឯងដោយគ្មានឯកសារ សំអាងជាភស្ដុតាងអ្វីបន្ដិចសោះ។ ហេតុនេះហើយទើបបានជាតុលាការគ្រប់ជាន់ថ្នាក់ សម្រេចសេចក្ដី ដោយផ្អែកលើ អង្គហេតុ និងអង្គច្បាប់ រួមជាមួយភស្ដុតាងនានាដែលបញ្ជាក់ថា បុគ្គលឈ្មោះ មាស សុផាត គឺមិនមែនជាម្ចាស់ដីពិតប្រាកដឡើយ ទើបតុលាការកំណត់ឲ្យឈ្មោះ មាស សុផាត ចាញ់ក្ដីតាមអំណាចសាលក្រម និងសាលដីកាដីកាជាបន្ដបន្ទាប់។
លោកបានបន្តថា នៅអំឡុងឆ្នាំ១៩៩២ តាំងពីលោកបានវិលត្រឡប់មកស្រុកកំណើតវិញ លោកបានទិញដីខាងលើ ហើយឲ្យលោក មាស សុផាត និងប្រពន្ធ ទៅចាំដីដោយសារឃើញមានជីវភាពលំបាក និងជូបបញ្ហាផ្ទាល់ខ្លួន រហូតចំណាយលុយកាក់ ធ្វើជាផ្ទះនៅក្នុងដី និងចំណាយដើមទុនសម្រាប់ធ្វើអាជីវកម្មជូនទៀតផង ដើម្បីមានឱកាសរកចំណូលបានប្រចាំថ្ងៃទៀតផង។ ប៉ុន្តែនៅអំឡុងឆ្នាំជាង ២០០៣ ស្រាប់តែឈ្មោះ មាស សុផាត មានគំនិតចង់បានដីទាំងមូលតែម្តង រហូតមានការប្តឹងផ្តល់ដល់តុលាការ ដោយគ្មានឯកសារជាសំអាងនោះឡើយ ដែលធ្វើឲ្យតុលាការតាំងពីថ្នាក់ក្រោម រហូតថ្នាក់កំពូលកាត់ឲ្យចាញ់រហូត៕