(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះពិនិត្យទំនិញគ្រប់ប្រភេទ និងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដោយបានរកឃើញសារធាតុបូរ៉ាក់ ដែលត្រូវបានអ្នកផលិតដាក់លើងៀត ត្រីបបែលផ្អែមស្រស់ចំនួន ២១គីឡូក្រាម និងងៀតត្រីផ្ទោងចំនួន ៧០គីឡូដែលខូចគុណភាព និងដកហូតយកទៅដុតកម្ទេចចោល។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា មន្ត្រីជំនាញបានចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ ដោយបានរកឃើញសារធាតុគីមីប៉ូរាក់ ដាក់ក្នុងងៀតត្រីបបែលចំនួន ២១គីឡូក្រាម និងងៀតត្រីផ្ទោង ៧០គីឡូក្រាមដែលខូចគុណភាព ហើយចំពោះអ្នកដែលបរិភោគងៀតមានសារធាតុប៉ូរ៉ាក់នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។
លោកបានបញ្ជាក់ថា ការចុះពិនិត្យទំនិញនេះ មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ រាល់ប្រភេទងៀតបបែលដែលផ្ទុកសារធាតុគីមី និងត្រីងៀតខូចគុណភាព ហើយចាប់ពីពេលនេះតទៅប្រពលរដ្ឋណាដែលមានសង្ស័យចំពោះមុខទំនិញដែលខ្លួនបានទិញនៅផ្សារវាលយន្តថាមានសារធាតុគីមីនោះ
គឺមានមន្ត្រីកាំកុងត្រូលប្រចាំការនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីពិនិត្យ និងធ្វើតេស្តទៅលើម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ និងមុខទំនិញផ្សេងៗទៀត ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ។
លោកប្រធានសាខាកាំកុងត្រូល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ និងត្រូវចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង ឲ្យបានដូចភ្លៀងរលឹមផងដែរ៕