(សៀមរាប)៖ អេ អឹម ខេ ប្រារព្វពិធីអបអរសាទរខួប១៥ឆ្នាំ នៃវឌ្ឍនភាព នៅលើទឹកដីអឆ្ឆរិយអង្គរ នៅថ្ងៃទី៣០ វិច្ឆិកា ២០១៨។ ក្នុងរយៈពេល១៥ ឆ្នាំនេះ អេ អឹម ខេ បានសម្រេចលទ្ធផលគួរជាទីមោទន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និងឋិតថេរពិសេសដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល។
ពិធីអបអរសាទរនេះ ត្រូវបានប្រារពធ្វើឡើងជាមួយគ្នា នឹងកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ អេ អឹម ខេ វិវត្តមកពីកម្មវិធីឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ដោយសារប្រតិបតិ្តការមានការរីកចម្រើនក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ដាច់ដោយឡែកមួយ គឺ អេ អឹម ខេ ។ នៅឆ្នាំ ២០០៣ អេ អឹម ខេ បានធ្វើប្រតិបតិ្តការដោយឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់មកទទួលបានអាជា្ញប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ ២០០៤។
បច្ចុប្បន្ន អេ អឹម ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ដោយធ្វើការកែលម្អផលិតផល និងសេវាហិរញ្ញវត្ថុ និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាប្រចាំដែលមានលក្ខណៈបត់បែន និងសម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ជាពិសេសដើម្បីដើរឱ្យទាន់ការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់សកលលោក។
ថ្លែងនៅក្នុងពិធីអបអរសាទរ និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានបញ្ជាក់ថា «រយៈពេល១៥ឆ្នាំនេះ អេ អឹម ខេ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១០ អេ អឹម ខេ យើងបានទទួលអជ្ញាប័ណ្ណប្រាក់សន្សំ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ២០១១ អេ អឹម ខេ ដាក់ដំណើរការសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងឆ្នាំ២០១៣ យើងដាក់ឱ្យដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM)។ អ្វីដែលសំខាន់ទៀតនោះ យើងទើបតែផ្លាស់ប្តូរ ប្រព័ន្ធធនាគារស្នូល T24 បានជោគជ័យ ដោយប្រព័ន្ធថ្មីនេះ ធ្វើឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន»។
លោកប្រធាននាយកប្រតិបត្តិបានឱ្យដឹងដែរថា បើក្រឡេកមើលទិន្នន័យហិរញ្ញវត្ថុរបស់យើង គឺគិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ អេ អឹម ខេ សម្រេចបានលទ្ធផលគួរ ឱ្យកត់សម្គាល់។ ចំនួនបុគ្គលិករបស់យើងកើនឡើងដល់ជាង ២,៧០០នាក់ អតិថិជនចំនួនជាង ៨៤ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង២៤៧ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៤៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន១៥០កន្លែង និងមានភ្នាក់ងារជាង៣.៥០០កន្លែងនៅទូទាំងប្រទេស។
លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះថា «លទ្ធផលទាំងនេះនឹងមិនអាចកើតមានទេ ប្រសិនបើមិនមានការចូលរួមពីបុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំងចិត្តខ្ពស់ និងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព»។
លោកប្រធាននាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិតពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេលពេញ១៥ឆ្នាំមកនេះ ដែលបានជួយឱ្យ អេ អឹម ខេ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់គួជាទីគាប់ចិត្ត៕