(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចាប់ផ្តើមដាក់ដំណើរការគម្រោង កែលម្អអប់រំថ្នាក់ឧត្តមសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សា ដែលជាគោលដៅសំខាន់ចំនួន៥ នៅក្នុងរាជធានី-ខេត្ត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងក្នុងពិធីផ្សព្វផ្សាយ គម្រោងកែលម្អការអប់រំឧត្តមសិក្សានាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគាកាំបូឌីយ៉ាណាថា សម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា បានគំាទ្រដោយធនាគាពិភពលោក ក្នុងមូលនិធិ សរុបចំនួន៩០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន២.៥លានដល្លារ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោង កែលម្អការអប់រំឧត្តមសិក្សាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កន្លងរួចមកហើយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គម្រោងនេះមានវិសាលភាពលើការកែលម្អគុណភាពអប់រំ នៅគ្រឹះស្ថានឧត្តមសិក្សាគោលដៅចំនួន៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង់។ គម្រោងនេះក៏ពង្រឹងគ្រឹះស្ថានឧត្តមសិក្សាឯកជន និងពង្រឹងប្រព័ន្ធឧត្តមសិក្សារដ្ឋផងដែរ។
លោករដ្ឋមន្ត្រី ក៏លើកឡើងទៀតថា គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ មានសមាសភាពសំខាន់ៗដូចជាការលើកកម្ពស់ការបង្រៀន និងរៀនផ្តោតលើការលើកម្ពស់គុណភាព សមត្ថភាពបង្រៀន និងរៀន តាមការធ្វើទំនើបកម្មនៃកម្មវិធីសិក្សា និងបង្កើតគុណវុឌ្ឍ គ្រូបង្រៀន ការសាងសង់អគាសិក្សា អន្តរវាសិដ្ឋាន ការកែលម្អធនធានសម្ភារៈ គាំទ្រដល់ ការបណ្តុះបណ្តាល និងការពង្រឹងប្រព័ន្ធធានាគុណភាព អប់រំផ្ទៃក្នុង ការរៀបចំប្រព័ន្ធ ពិនិត្យតាមដាននិងវាយតម្លៃ និងការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្សនៃគ្រឹះស្ថានឧត្តមសិក្សា ។
លោករដ្ឋមន្ត្រីបន្ថែមថា ជាងនេះកែលម្អការស្រាវជ្រាវផ្នែក STEM និងផ្នែកកសិកម្ម ផ្តោតលើការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃការស្រាវជ្រាវ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានឧត្តមសិក្សា ដែលកំណត់ក្នុងគម្រោង និងការសាង សង់បន្ទប់ពិសោធន៍ និងការបំបំពាក់សម្ភារបរិក្ខារ។ ការពង្រឹងផ្នែកអភិបាលកិច្ច និងការគ្រប់គ្រងគម្រោង ផ្តោតលើកការពង្រឹងប្រព័ន្ធអនុវិស័យឧត្តមសិក្សា និងការគ្រប់គ្រង និងសម្របសម្រួលគម្រោង។
លោកបញ្ជាក់ថា «គម្រោងកែលម្អការអប់រំឧត្តសិក្សា ដែលបង្កើតឡើងនេះពិតជា ស្របតាមកំណែងទម្រង់អាទិភាពអនុវិស័យឧត្តមសិក្សា ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ រដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ (២០១៩ - ២០២៣) ផ្តោតជាចម្បងលើការលើកកម្អស់គុណភាពនៃការបង្រៀន ការរៀននិងការស្រាវជ្រាវ ការបង្កើនការលានុវត្តភាព និងសមធ៌នៃការចូលរៀនរបស់និស្សិត ការពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងនៅឧត្តមសិក្សា»។
បើតាមលោករដ្ឋមន្ត្រី បានឲ្យដឹងថា និស្សិតកំពុងសិក្សានៅឧត្តមសិក្សា មានចំនួន ២០៧,៤៣៤នាក់ ស្រី៤៨.៣៧% ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្ររងមាន ២០,៥៧០នាក់ ស្រី៥១.០៦% និស្សិតថ្នាក់បរិញ្ញាបត្រមាន១៦៥,៣៥៩នាក់ ស្រី ៤៧.៨៧% និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន២១,៤៩៤នាក់ ស្រី២១.២៤% និងនិស្សិតថ្នាក់បណ្ឌិតមាន១,២២២នាក់ ស្រី៥.១៦% និងនិស្សិតអាហាររូបករណ៍ មាន២៦,១៩២នាក់ ស្រី៤៩.៥០% ក្នុងឆ្នាំសិក្សា ២០១៦ - ២០១៧។
ក្រៅពីកំណើននិស្សិត គ្រឹះស្ថានឧត្តមសិក្សាមានការកើនឡើងដែរគឺគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស សរុបចំនួន១២១គ្រឹះស្ថាន ដែលមានទីតាំងនៅ២០ខេត្ត រាជធានី ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ចំនួន៧៣ (គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មាន១៣គ្រឹះស្ថាន និងឯកជនមាន៦០ )៕