(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។
សារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែធ្នូ សម្ដេចចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្ដរជាតិ ឆ្នាំ២០១៨នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានដល់ការធ្វើបរិយាប័ន្ន និងសមភាព»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា ហើយបន្ដបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្ដិសិទ្ធិភាព នៃការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុញ្ញាស្ដីពីសិទ្ធិជនពិការ ទស្សវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ដ្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៤-២០១៨។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការរុះរបាំងឧបសគ្គនានាដើម្បីបង្កើនឱកាស ដល់ជនមានពិការភាពរួមទាំងបង្កើតនូវយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្ដីពីការកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩មក។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សុខុមាលភាពរបស់ជនមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ជនមានពិការភាព ត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាព បានចូលបម្រើការងារសរុបចំនួន ២,៨៣៩នាក់ ស្ដ្រីមានពិការភាព ចំនួន៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន១,៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤,៤៧១នាក់ ស្មើនឹង១.៩៣ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួងស្ថាប័នរដ្ឋកំពុងជ្រើសរើសឲ្យគ្រប់តាមអត្រាកំណត់ ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩៕
សូមអានខ្លឹមសារលម្អិត នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមាននៅខាងក្រោមនេះ៖