Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការគ្រប់គ្រងផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បង្ហាញមហិច្ឆិតារៀបចំផ្សារនេះឱ្យក្លាយជា «ផ្សារគំរូ»

03-12-2018 11:54

(សៀមរាប)៖ បន្ទាប់ពីផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានសាងសង់ និងរៀបចំស្ទើររួចរាល់ជាស្ថាពរហើយនោះ ចាប់ពីដើមខែធ្នូ ឆ្នាំ២០១៨នេះ អាជ្ញាធរមូលដ្ឋាន-ក្រុងសៀមរាប អាជីវករ និងគណៈកម្មការគ្រប់គ្រងផ្សារ បានបង្ហាញមហិច្ឆិតារៀបចំផ្សារនេះឱ្យក្លាយជាទីជា «ផ្សារគំរូ» មួយ។ ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ពៅ សារាវុធ អភិបាលរងក្រុងសៀមរាប បានឱ្យដឹងថា មានការកែប្រែស្ថានភាពនេះ គឺបន្ទាប់ពីមានការណែនាំផ្សព្វផ្សាយ ស្តីពីការរៀបចំសណ្តាប់ សំអាតបរិស្ថាន អនាម័យ នៅលើទីតាំងលក់ដូរបណ្តោះអាសន្ននៅមុខផ្សារ តាមផ្លូវជុំវិញផ្សារ និងតាមដងផ្លូវធំមុខផ្សារ ដែលបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី០១ រហូលដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំនេះ ដោយអាជ្ញាធរក្រុងសៀមរាប ធ្លាប់បានអំពាវនាវឱ្យមានការចូលរួមសហការ ពីសំណាក់បងប្អូនអាជីវករ និងអ្នកដែលមានទីលំនៅតាមដងផ្លូវ/ថ្នល់ជុំវិញផ្សារនេះ។

លោកបញ្ជាក់ថា ការអំពាវនាវនេះ គឺសូមឱ្យអ្នកលក់ដូរលើទីតាំងបណ្តោះអាសន្នទាំងនោះ ចូលទៅលក់ដូរលើទីតាំងថ្មីរបស់ខ្លួន ដែលបានព្រមព្រៀង ចាប់ឆ្នោតទទួលយក កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ។ លោកបានរំលឹកដែរថា មុនការសាងសង់ថ្មីនេះ ផ្សារដើមក្រឡាញ់ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ។

លោក សុខ តុញ តំណាងកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដែលជាអ្នកទទួលបន្ទុកសាងសង់ផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានឱ្យដឹងថា រូបលោកផ្ទាល់ រួមនិងអជ្ញាធរមូលដ្ឋាន-ក្រុង និងគណៈកម្មការគ្រប់គ្រងផ្សារ ព្រមទាំងអសជីវករ គឺយើងមានបំណង នឹងរៀបចំផ្សារនេះឱ្យក្លាយជា «ផ្សារគំរូ» មួយ ដើម្បីធានាឱ្យបាននូវរបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព បរិស្ថាន អនាម័យឱ្យបានល្អប្រសើរ និងបញ្ចៀសការ្គស្ទះចរាចរណ៍។

ដោយហេតុនេះហើយ ទើបនូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរភូមិ-សង្កាត់-ក្រុង សមត្ថកិច្ច អង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងផ្សារ បានបន្តចុះធ្វើការណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានលក់ដូរ នៅលើដីចំណីផ្លូវសាធារណៈជុំវិញផ្សារ ខាងមុខផ្សារ និងនៅលើផ្លូវគ្រួសក្រហមប៉ែកខាងកើតផ្សារ ធ្វើការរុះរើរោង រាន តូប និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចូលរួមចំណែករៀបចំធ្វើឱ្យផ្សារនេះក្លាយជា «ផ្សារគំរូ» នឹងបានលើកស្ទួយនូវសោភ័ណ្ឌភាព បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ និងការកកស្ទះចរាចរណ៍ នៅជុំវិញផ្សារ ផងដែរ៕