(ភ្នំពេញ)៖ តារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង ក្នុងអំឡុងទស្សវត្សរ៍៩០ តាមរយៈការសម្តែងរឿងជាច្រើននោះ គឺលោក យស បូវណ្ណៈ បានសម្រេចវិលមករំលឹកអនុស្សាវរីយ៍ចាស់ឡើងវិញ ក្រោយពីលោកបានដកឃ្លា និងមិនដែលបានថតភាពយន្ត ប្រមាណជាង២០ឆ្នាំកន្លងមកនេះ។
ការត្រឡប់មកលើកនេះ គឺដើម្បីចូលរួមចំណែកជាមួយសិល្បៈ និងធ្វើតាមសន្យាដែលធ្លាប់ និយាយជាមួយទស្សនិកជនកន្លងមក។
លោក យស បូវណ្ណៈ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រយៈពេលជាង២០ឆ្នាំហើយ ដែលលោកបានឃ្លាតឆ្ងាយពីសិល្បៈ មិនដែលបានថតភាពយន្តទេ ហើយបើគិតមកដល់ពេលនេះ តាំងពីលោកចាកចេញពីប្រទេស គឺធ្លាប់មកលេងស្រុកកំណើត៣ដង ប៉ុន្តែ១០ឆ្នាំមកនេះ មិនដែលមកទេ ទើបតែមកពេលនេះ ហើយឃើញថា ប្រទេសរីកម្រើនណាស់ វិស័យភាពយន្តបច្ចុប្បន្ន ក៏រីកដុះដាលទៅមុខ តារាសម្តែងងាយស្រួល មានឧបករណ៍គ្រប់គ្រាន់ទំនើបៗ បើប្រៀបពីមុន គឺពេលនេះ ជឿនលឿនរីកចម្រើនច្រើន។
តួឯកប្រុសក្នុងរឿង «បិទភ្នែកហែកទ្រូង» រូបនេះ បានប្រាប់ទៀតថា ការត្រឡប់មកលេងប្រទេសកំណើតលើកនេះ មិនមានពេលយូទេ ប្រហែលតែ២០ថ្ងៃប៉ុណ្ណោះ ហើយគោលបំណងដែលមកនេះ គឺមកចូលរួមថតភាពយន្តរឿង «លោកឪពុក» ដែលជារឿងមួយមានការសម្រឹតសម្រាំងប្រមូលផ្តុំតារាជើងចាស់ ជើងថ្មីសម្តែងរួមគ្នា។
លោកធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួន ក្នុងសម័យកាលនោះ មានដូចជារឿង «បិទភ្នែកហែកទ្រូង» (សម្ដែងជាមួយអ្នកនាងអម្ពរទេវី ), រឿង «ព្រាននារីអស់លក្ខណ៍» (សម្ដែងជាមួយ អ្នកនាង អ៊ុ សុវណ្ណនី), រឿង «ទាសីស្នេហ៍» (សម្តែងរួមជាមួយ ចាន់ តារាទី ) និងក្រោយៗមកទៀតជាមួយអ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗជាច្រើនទៀត ។
លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា អរគុណចំពោះសិល្បករជើងចាស់ លោក យស បូវណ្ណៈ ដែលទទួលយកការអញ្ជើញរបសផលិតកម្ម និងតបតាមការសំណូមពររបស់ទស្សនិកជន ដែលទទូចចង់ឲ្យតារារូបនេះវិលរកការសម្តែងជាថ្មី ។
លោក បូវណ្ណៈ នឹងសម្តែងជាតួអង្គឪពុកម្នាក់ក្នុងចំណោមឪពុក៣នាក់ នៅក្នុងសាច់រឿង ដែលជាឪពុកលះបង់ខ្ពស់សុខចិត្តពលិកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខរបស់គ្រួសារពិសេសកូនៗ ហើយតារាសម្តែងរូបនេះក៏នឹងជួបសម្តែងជាមួយដៃគូចាស់ គឺអ្នកស្រី ចាន់ តារាទី ផងដែរ ។
គួរបញ្ជាក់ដែរថាភាពយន្ត លោកឪពុក នឹងត្រូវចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ ដែលមានតារាសម្តែង៤ជំនាន់សម្តែងរួមគ្នាមានដូចជាលោក យស បូវណ្ណៈ អ្នកស្រី ចាន់តារាទី លោក ហម ឈរ៉ា លោក ភឹម តារាវិបុល អ្នកនាង ភិន សុដាលីស កុមារីសុមនា កុមារី ជី ឈិងលីន ជាដើម៕