(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនចំពោះលោកឧត្តមសេនីយ៍ឯក ផន ណារ៉ា និងតែងតាំងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម ជំនួសនាយឧត្តមសេនីយ៍ ជ័យ សុន ដែលជាប់ជាតំណាងរាស្ដ្រ។
ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អញ្ជើញបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែងជា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម។
ក្នុងពិធីខាងលើនេះ ធ្វើឡើងក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕