(កំពង់ចាម)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជំរុញឱ្យកីឡាករ-កីឡាការនី ខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីត្រៀមប្រកួតយកមេដាយឱ្យបានច្រើន ជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការជំរុញរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី និង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទកម្មវិធីប្រកួតកីឡារហែលទឹក ដើម្បីដណ្តើមពានរង្វាន់សម្តេច តេជោ ហ៊ុន សែន លើកទី៤ ឆ្នាំ២០១៨ នៅ មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា ក្រោយពីការចូលរួមប្រកួតកីឡាហែលទឹករយៈពេល២ថ្ងៃ របស់កីឡាករ -កីឡាការិនី លោកសង្កេតឃើញថាក្រុមកីឡាករ-កីឡាការនី សុទ្ធសឹងតែបានខិតខំប្រឹងប្រែងហ្វឹកហាត់រួចមកហើយ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យក្រុមកីឡាករ-កីឡាការនី យើងទាំងអស់ត្រូវខិតខំ ហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមដណ្តើមយកមេដាយ ជូនជាតិរបស់យើងពេលយើងធ្វើជាម្ចាស់ផ្ទះ ប្រកួតនៅឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន កំពុងសាងសង់ អាងហែលទឹកថ្មីហើយ ដែលនិងបម្រុងផ្តល់ជូនសម្រាប់កីឡាករ-កីឡាការិនី យើងចំនួន៦០នាក់ ស្នាក់នៅនឹងបំប៉នសុខភាពឱ្យបានត្រឹមត្រូវ ដើម្បីប្រកួតដណ្តើមមេដាយ ឱ្យបានច្រើនជូនជាតិរបស់យើង។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល បានរៀបចំឱ្យមានការប្រកួតកីឡារហែលទឹក ដើម្បីដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៤ ឆ្នាំ២០១៨ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែលក្នុងនោះ កីឡាករ-កីឡាការិនី មកពី៨ក្លឹប បានចូលរួមការប្រកួតទីទី១៖ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលពានរង្វាន់លេខ១ ដោយទទួលមេដាយ សារុបចំនួន២៤, ទី២៖ ក្លឹបក្រសួងមហាផ្ទៃ ទទួលពានរង្វាន់លេខ២ ដោយទទួលមេដាយ សារុបចំនួន២១, ទី៣៖ ក្លឹបសាលាខេមរីឌអន្តរជាតិ ទទួលពានរង្វាន់លេខ៣ ដោយទទួលមេដាយ សារុបចំនួន៧។ ដោយឡែក ក្លឹបចំនួន៥ទៀត ក្លឹបក្រសួងព័ត៌មាន ទទួលបានមេដាយ៦, ក្លឹបនាគរាជកំពង់ចាម ទទួលបានមេដាយ៩, ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយ៧ ក្លឹបមច្ឆាទុម ទទួលបានមេដាយ៤, ក្លឹបប៉ារ៉ាអូឡាំពិចកម្ពុជា ទទួលបានមេដាយ៩៕