(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ឲ្យដឹងថា អធិការដ្ឋានខណ្ឌ នឹងបញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីក្រោយពីកម្លាំងជំនាញបានបញ្ចប់ ការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែងជាបន្តបន្ទាប់ ពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុង២គោលដៅ និង២ករណីផ្សេងគ្នា។
បើតាមលោកអធិការខណ្ឌ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ មកដល់រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក និង១ទីតាំងទៀត ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ចំពោះជនសង្ស័យប្រើប្រាស់ថ្នាំញៀន ដែលបង្ក្រាបបានជាក់ស្ដែង ទី១៖ឈ្មោះ សេង សុភា អាយុ១៨ឆ្នាំ ស្នាក់នៅក្រុមទី២ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ, ទី២៖ឈ្មោះ ជុំ គឹមស្រេង អាយុ២៦ឆ្នាំ ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល, ទី៣៖ឈ្មោះ ភួង តុលា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបាសិដ្ឋ ឃុំម្កាក់ ស្រុកអង្គឈ្នួល ខេត្តកណ្តាល ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក គល់ យី បន្តថា ចំពោះជនសង្ស័យប្រើប្រាស់ថ្នាំញៀន២នាក់ផ្សេងទៀត ដែលបង្ក្រាបឃាត់ខ្លួនបាន នៅក្រោយបញ្ចប់ការស៉ើអង្កេត ឈ្មោះ ឆេង មិន អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះលេខផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ខៀវ សុខា អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានឧបករណ៍ជក់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ២គ្រឿង ម៉ាកណូគាចិន (ចុចពិល)។
លោកអធិការខណ្ឌថា ទោះបីយ៉ាងណាក៏ដោយ ចំពោះជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ដែលដកហូតពីសកម្មភាព បន្ទាប់ពីបង្ក្រាបឃាត់ខ្លួនភ្លាមៗ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះហើយ ដើម្បីចាត់ការទៅតាមនីតិវិធី៕