(កំពង់ចាម)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកដណ្តើមពានរង្វាន់ តេជោសែន លើកទី៤ ប្រចាំឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់០២ ធ្នូ ឆ្នាំ២០១៨ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។
ការប្រកួតនេះរៀបចំឡើងមានគោលបំណងរំលឹក ដល់ថ្ងៃទី០២ ធ្នូ ១៩៧៨ ថ្ងៃបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ដែលបានរំដោះប្រជាជន និងមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាថ្ងៃខួបនៃការសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែលជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើម របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល និងលោកព្រឹទ្ធាចារ្យ ហែម ថុន ផងដែរ។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន១២៥នាក់ ប្រុសចំនួន៦៨នាក់ ស្រី៥៧នាក់ មកពីក្លឹបចំនួន៨ បានចូលរួមប្រកួតប្រជែង លើវិញ្ញាសារឯកត្តជន វិញ្ញាសារហែលបណ្តាក់ និងវិញ្ញាសារកីឡាបាល់ទឹក ដោយមានការចូលរួមពីគ្រូបង្វឹកចំនួន១២នាក់ គរុសិស្ស និងសិស្សសាលា វិទ្យាចំនួន៤០០នាក់ បានចូលរួមទស្សនាការប្រកួតនេះផងដែរ។
ក្នុងពិធីប្រកួតយកពានរង្វាន់នេះ សម្រាប់វិញ្ញាសារហែលឯកត្តជន ជ័យលាភីលេខ១ ទទួលបានមេដាយ មាស១ និងថវិកា៣០ម៉ឺនរៀល ចំនួន២៧នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា២០ម៉ឺនរៀល ចំនួន២៧នាក់ និងជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ១ និងថវិកា១២ម៉ឺនរៀល ចំនួន២៧ និងសម្រាប់វិញ្ញាសារហែលបណ្តាក់ ជ័យលាភីលេខ១ ទទួលបានមេដាយមាស១ និងថវិកា៣០ម៉ឺនរៀល ចំនួន៨នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា២០ម៉ឺនរៀល ចំនួន៨នាក់ និងជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១ និងថវិកា១២ម៉ឺនរៀល ចំនួន៨នាក់។
ចំណែកឯលទ្ធផលជាក្រុមវិញ ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ចំនួន១,២០០,០០០ រៀល ចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៨០០,០០០រៀល និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៤០០,០០០រៀល ដោយឡែកចំពោះក្រុមកីឡាបាល់ទឹក ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម ទទួលបានថវិកា ២,០០០,០០០រៀល និងចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានថវិកា ១,២០០,០០០រៀល។
បន្ថែមលើរង្វាន់ខាងលើ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឧបត្ថម្ភបន្ថែមដល់កីឡាករ កីឡាការិនី ទាំង១២៥នាក់ ម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល សហព័ន្ធខ្មែរកីឡាហែលទឹក ចំនួន២លានរៀល គណៈកម្មាការបច្ចេកទេសចំនួន៥០នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល គ្រូបង្វឹក១២នាក់ ម្នាក់ៗ១០ម៉ឺនរៀល ឧបត្ថម្ភអាងហែលទឹកចំនួន១លានរៀល និងថវិកា៣លានរៀលសម្រាប់ គ្រូពេទ្យ សន្តិសុខ និងអ្នកសារព័ត៌មាន។
ចុងក្រោយ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ២០២៣ខាងមុខ៕