(ភ្នំពេញ)៖ លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចលោក សម រង្ស៉ី ធ្វើជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ នៅក្នុងសន្និសីទនៅក្រុងអាត្លង់តា សហរដ្ឋអាមេរិក។ លោកចាត់ទុកថា ការសម្រេចបែបនេះ គឺខុសទាំងស្រុងទៅនឹងលក្ខន្តិកៈរបស់ សពគណបក្សនេះដែលដាក់ទៅក្រសួងមហាផ្ទៃ។
លោក មុត ចន្ថា បានបញ្ជាក់អំពីមូលហេតុ៣ចំណុច ដែលធ្វើឱ្យការតែងតាំងលោក សម រង្ស៉ី នេះខុសនឹងលក្ខន្តិកៈ ក្នុងនោះរួមមានដូចតទៅ៖
ទី១៖ អ្នកចូលរួមធ្វើសេចក្តីមស្រេចក្នុងសន្និសីទនោះ មិនមាននីតិសម្បទាដែលមានសិទ្ធិស្នើ ឬ ជ្រើសតាំងប្រធានស្តីទីគណបក្ស ស្របតាមលក្ខន្តិកៈគណបក្សនោះទេ។
ទី២៖ យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីគណបក្សបាន លុះត្រាតែអវត្តមានប្រធាន ដែលត្រូវផ្ទេរសិទ្ធិឲ្យទៅអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិនអាចយកអ្នកដទៃណាដែលសមាជគណបក្សមិនបានជ្រើសតាំងជាអនុប្រធានហើយនោះ មកធ្វើជាប្រធានស្តីទីបាន។
ទី៣៖ ចំពោះសេចក្តីសម្រេច ឬសំណើណាមួយរបស់សន្និសីទនេះ គឺគ្រាន់តែជាមតិរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលមិនអាចចាប់បង្ខំឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ យកមកពិនិត្យ និងឆ្លើយតបឡើយ។
សូមបញ្ជាក់ថា តាមរយៈសន្និសីទនៅទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ អតីតថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិ ដែលគាំទ្រលោក សម រង្ស៉ី បានសម្រេចឱ្យលោក សម រង្ស៉ី ក្លាយជាប្រធានស្តីទី ខ្មោចគណបក្សសង្រ្គោះជាតិឡើងវិញ ខណៈដែលលោក កឹម សុខា ពុំទាន់មានសេរីភាពពេញលេញ។
សន្និសីទរបស់អតីតគណបក្សប្រឆាំង បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក សម រង្ស៉ី ខណៈ លោក កឹម សុខា និងបក្ខពួក ពុំគាំទ្រ ឬចូលរួម នៅក្នុងសន្និសីទ ដែលរៀបចំឡើងដោយក្រុមរបស់លោក សម រង្ស៉ី នេះឡើយ៕