(ភ្នំពេញ)៖ បន្ទាប់ពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ដែលនាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំងវើក និងទឹកបរិសុទ្ធកម្ពុជា ចប់មិនទាន់ទាំងផ្ទៀងលទ្ធផលបានត្រឹមត្រូវល្អនៅឡើយផង ស្រាប់តែបុរសវ័យ៣៨ឆ្នាំម្នាក់ គឺលោក ភីតធើរ លាង (Peter) ដែលជាអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ហើយក៏ជាកីឡាករមួយរូប ចូលរួមរត់ប្រណាំងអន្តរជាតិម៉ារ៉ាតុង នៅអង្គរវត្តផងដែរនោះ បានបង្ហើបប្រាប់ពីមហិច្ឆតារបស់ខ្លួន ចង់បង្កើតកម្មវិធី Ironman (អាយរិនមែន)នៅកម្ពុជា។
ការលើកឡើងរបស់លោក បានធ្វើឡើងក្រោយពេលដែលលោកធ្វើបានសម្រេចនូវការតាំងចិត្តជិះកង់ចម្ងាយ ១១៧គីឡូម៉ែត្រ ក្នុងកម្មវិធីជិះកង់ដើម្បីកុមារ (Bike4Kids) កាលពីម្សិលមិញនៅមុខព្រះលានជុលដំរី និងរត់ម៉ារ៉ាតុងបញ្ចប់ចម្ងាយ ២១គីឡូក្នុងទិវារត់ប្រណាំងខាងលើនៅថ្ងៃទី០២ធ្នូនេះ។
លោក ភីតធើរ លាង បានឲ្យដឹងថា «តាមរយៈការចូលរួមរត់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅឆ្នាំនេះ ខ្ញុំសង្កេតឃើញថា ការរៀបចំទាំងផ្នែកបច្ចេកទេសផ្លូវ និង ការផ្សព្វផ្សាយ ជាទូទៅមានលក្ខណៈប្រសើរច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ហើយថែមទាំងមានចំនួនអ្នកចូលរួមកើនឡើងច្រើនគួរឲ្យកត់សម្គាល់ រហូតដល់ប្រហាក់ប្រហែល ១៥,០០០នាក់ឯនោះ»។
លោកបន្តទៀតថា «ដោយមើលឃើញ ពីការកើនឡើងនូវការចូលរួមកម្មវិធីកីឡារត់ប្រណាំងនេះ គួរឲ្យកត់សម្គាល់ ខ្ញុំនិងក្រុមការងារភេសជ្ជៈប៉ូវកម្លាំងវើក នឹងចាប់ផ្តើមរៀបចំផែនការ មើលទៅលើលទ្ធភាព ដែលអាចទៅរួចក្នុងការរៀបចំកម្មវិធី Ironman (អាយរិនមែន)នៅកម្ពុជា ពិសេសក្នុងគោលបំណងសប្បុរសធម៌ និង លើកទឹកចិត្តឲ្យប្រជាជនយើង ចូលរួមលេងកីឡាឲ្យបានកាន់តែច្រើន និងដកបទពិសោធន៍នូវអ្វីដែលថ្មី»។
កម្មវិធី Ironman ជាកម្មវិធីកីឡាដែលមាន ៣វិញាសារ សម្រាប់អត្តពលិកម្នាក់ៗត្រូវធ្វើឲ្យបាន ដែលក្នុងនោះរួមមានកីឡាហែលទឹកចម្ងាយ ៣.៨៦គីឡូម៉ែត្រ វិញាសាជិះកង់ចម្ងាយ ១៨០គីឡូម៉ែត្រ និងរត់ចម្ងាយ៤២គីឡូម៉ែត្រ។
លោក ភីតធើរ ជាអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរិជីស ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)ផងដែរ៕