(ភ្នំពេញ)៖ ថ្ងៃនេះជាខួបទី៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ នៅឆ្នាំ១៩៧៨ និងខួបទី៣១ឆ្នាំនៃការជួបគ្នាលើកទី១រវាង សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) ប្រទេសបារាំង, តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ បានផ្ញើសារដ៏មានអត្ថន័យជ្រាលជ្រៅ ជូនជនរួមជាតិនូវការពន្យល់ពាក្យ «សាមគ្គីភាព» ដែលសម្តេចបានបញ្ជាក់ថា សូម្បីតែវចនានុក្រមក៏មិនអាចបង្ហាញអស់ដែរ។
សាររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ
ថ្ងៃអាទិត្យនេះគឺថ្ងៃ ២ធ្នូ ។ ប្រហែលក្មួយៗ ចៅៗ និងជនរួមជាតិមួយចំនួន មិនដឹងទេថា តើមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះទាក់ទងនឹង ថ្ងៃ២ធ្នូ ។ ថ្ងៃនេះ៣១ឆ្នាំ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងខ្ញុំបានជួបគ្នាជាលើកទីមួយ នៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) ប្រទេសបារាំង ដើម្បីចាប់ផ្តើមកិច្ចចចារបង្រួមបង្រួមជាតិជាផ្លូវការ។ ខ្ញុំជាអ្នកជ្រើសរើសថ្ងៃទី២ ខែធ្នូនេះ ព្រោះវាក៏ជាថ្ងៃដែល ក្រុមចលនារបស់ បង ហេង សំរិន បង ជា ស៊ីម ថ្នាក់ដឹកនាំផ្សេងទៀតនិងរូបខ្ញុំផ្ទាល់បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះគឺចំ៤០ឆ្នាំគត់តែម្តង។ ត្រង់នេះអ្នកប្រឆាំងនឹងគណបក្សប្រជាជន ពិតជាមិនដែលស្វែងយល់ទេ ហើយបើទោះជាដឹងក៏ធ្វើមិនយល់ដែរ ត្រង់អត្ថន័យនៃការបង្រួបបង្រួមជាតិ សង្គ្រោះជាតិ និង សាមគ្គីភាព។
ពាក្យទាំង៣នេះមានអត្ថន័យជ្រាលជ្រៅណាស់ ដែលសូម្បីតែវចនានុក្រមក៏មិនអាចបង្ហាញអស់ដែរ។ ថ្ងៃនេះខ្ញុំចង់និយាយពីសាមគ្គីភាពបន្តិច។ ចំពោះការសង្គ្រោះជាតិ ក្មួយៗ ចៅៗ ជនរួមជាតិធ្លាប់មើលកម្រងឯកសារ «ដំណើរឆ្ពោះទៅការសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត» រួចហើយ។ ឯពាក្យបង្រួបបង្រួមជាតិ ខ្ញុំនឹងលើកមកពន្យល់ពេលក្រោយ។
ពាក្យថា សាមគ្គីភាព ក្នុងវចនានុក្រម មិនបានប្រាប់ទេថា ត្រូវធ្វើយ៉ាងណា ទើបអាចបង្កើតសាមគ្គីភាព ថែរក្សាសាមគ្គីភាពឱ្យនៅគង់វង្សស្ថិតស្ថេរនោះទេ។ វត្តមានរបស់គណបក្សប្រជាជនដែលមានកំណើតតាំងពីថ្ងៃ២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិនេះឯង។ ជាក់ស្ដែងនៅពេលយើងបង្កើតចលនាដើម្បីរំដោះប្រជាជន និងប្រទេសជាតិពីរបបប៉ុលពត យើងបានបន្តស្មារតីសាមគ្គីភាព ដោយប្រមូលផ្ដុំយុទ្ធជនស្នេហាជាតិពីគ្រប់ទិសទី ពួតដៃគ្នាប្រយុទ្ធដើម្បីសង្រ្គោះប្រទេសជាតិ និងប្រជាជនចេញពីរបបអាវខ្មៅ។
ក្មួយៗ ចៅៗ ដែលបានរៀនសូត្រ សុទ្ធតែដឹងហើយថាត្រូវចេះសាមគ្គីគ្នា។ ហើយម្នាក់ៗសុទ្ធតែសច្ចាក្នុងចិត្តថាសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ តែការសច្ចា និងសន្យានៅនឹងមាត់ពេលដែលយើងមានហូបឆ្អែត ពាក់ក្រវ៉ាត់កអាវធំក្នុងម៉ាស៉ីនត្រជាក់ មានន័យដូចគ្នាឬទេ នៅពេលដែលអាសន្នអន់ក្រមកដល់?
សាមគ្គីភាពត្រូវការការលះបង់ និងចែករំលែក។ ក្មួយៗ ចៅៗ សាកពិចារណាដាក់អារម្មណ៍មើលថា បើក្មួយៗ ចៅៗ កំពុងស្រេកទឹកខ្លាំង ហើយនៅជុំវិញគ្មានប្រភពទឹកទាល់តែសោះ ក្រៅពីទឹកក្នុងបំពង់ទឹកផ្ទាល់ខ្លួនរបស់ក្មួយ តែមិត្តភក្ដិក្មួយផ្សេងៗទៀតដែលក្មួយសន្យា និងសច្ចាថា សាមគ្គីជាមួយគ្នាស្រេកទឹកដូចក្មួយគ្រាន់តែគ្នាគ្មានសល់ទឹកក្នុងបំពង់សោះ តើក្មួយនឹងធ្វើយ៉ាងណា នៅពេលដែលសាមគ្គីភាព និងប្រយោជន៍ខ្លួនផ្ទាល់ត្រូវប្រឆាំងគ្នា? ត្រង់នេះមានតែស្ថានភាពជាក់ស្តែងទេ ទើបយើងអាចស្វែងយល់ពីមិត្តយើង ឬជាពិសេសទៀតនោះពីខ្លួនឯងផ្ទាល់តែម្តង។ នេះគ្រាន់តែឧទាហរណ៍រឿងស្រេកទឹកប៉ុណ្ណោះ ! កាលនៅក្នុងសម័យសង្គ្រាមវិញ ខ្ញុំនិងបងប្អូនយុទ្ធមិត្តក្នុងគណបក្សប្រជាជនបានឆ្លងកាត់លើសនេះច្រើនណាស់។ ពេលខ្លះពួកយើងប្តូរជីវិតដើម្បីសង្គ្រោះមិត្តយើងដែលត្រូវរបួស ពេលខ្លះទៀតយើងប្តូរជីវិតដើម្បីរំដោះយកសាកសពយុទ្ធមិត្តយើងពីសត្រូវមកទៀតផង។ ត្រង់នេះហើយដែលគណបក្សប្រជាជន មិនប្រេះស្រាំបែកបាក់សាមគ្គី។ សាមគ្គីមិនមែនមានន័យត្រឹមរូបថតមួយសន្លឹកកាន់ដៃគ្នានោះទេ! សាមគ្គីគឺសប្បាយពេលឃើញគ្នាបានសុខ និងរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកជាក់ស្តែង។ សាមគ្គីតម្រូវឱ្យចេះចែករំលែករបស់កម្រជាមួយគ្នា មិនមែនចែករំលែកតែរបស់សំបូរហូរហៀនោះទេ។
ម្យ៉ាងវិញទៀត សាមគ្គីជាតិតម្រូវឱ្យមានការអត់ឱនឲ្យគ្នា។ តើក្មួយៗ ចៅៗ ដែលធ្លាប់ឱ្យអ្នកដែលធ្វើខុសហើយសុំទោសខ្លួនឬទេ ? នៅក្នុងចំណោមអ្នកដឹកនាំកម្ពុជាតាំងពីសម័យបូរាណមក ខ្ញុំប្រហែលជាអ្នកដឹកនាំតែមួយគត់ដែលមានការអត់ឱនឲ្យច្រើនជាងគេ។ អ្នកក្បត់ជាតិក្នុងសម័យមុន មានតែសេចក្តីស្លាប់ប៉ុណ្ណោះ ប៉ុន្ដែខ្ញុំវិញមានតែលើកលែងទោសដល់អ្នកដែលដឹងកំហុស។ ខ្លះម្តង ខ្លះរហូតដល់ទៅពីរដង។ ប៉ុន្តែមិនអាចមានលើកទី៣ឡើយ។ ខ្ញុំសង្ឃឹមថាក្មួយៗ ចៅៗ ជនរួមជាតិយើងចេះចែកដាច់ពីការអត់ឱនដើម្បីសាមគ្គីភាពជាតិ និងការត្រូវគេបោកដដែលៗ។ ត្រង់នេះក៏យើងត្រូវចេះរកផ្លូវកណ្ដាលមួយដែរ។
ជាចុងក្រោយ សាមគ្គីភាពជាតិតម្រូវឲ្យក្មួយៗ ចៅៗ ជនរួមជាតិចេះចែកឲ្យដាច់ពី អ្វីដែលជាការប្រឆាំងក្នុងលក្ខណៈនយោបាយជាតិដើម្បីស្ថាបនាទាំងអស់គ្នា និងអ្វីជាការប្រឆាំងនឹងផលប្រយោជន៍ផ្ទាល់របស់ជាតិយើងទាំងមូល។ ខ្មែរយើងអភព្វណាស់ទៅហើយ ខ្ញុំមិនចង់ឲ្យយើងជួបរឿងអភព្វដូចសម័យកាលមុននោះទេ។ ប៉ុន្តែត្រង់នេះក៏ត្រូវការការទទួលខុសត្រូវមួយរួមគ្នាដែរ។ ខ្មែរគ្រប់គ្នាមានសេរីភាពក្នុងការបោះឆ្នោត ត្រូវបោះដោយការទទួលខុសត្រូវ យើងមានសិទ្ធបញ្ចេញមតិ ក៏ត្រូវបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវដែរ ទើបយើងលើកស្ទួយសាមគ្គីភាពជាតិបាន។
ទាំងនេះជាអត្ថន័យនៃសាមគ្គីភាពដែលខ្ញុំចង់ចែករំលែកតាមស្មារតីនៃថ្ងៃ២ធ្នូ ដល់ក្មួយៗ ចៅៗ យកទៅអនុវត្ត។ សូមក្មួយៗ ចៅៗ បន្តថែរក្សាសាមគ្គីភាពជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីអនាគតកម្ពុជារបស់យើងទាំងអស់គ្នា៕