(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខការពារមេធាវីរបស់ខ្លួន ពីការវាយប្រហាររបស់ក្រុមទណ្ឌិត សម រង្ស៊ី ដោយអះអាងថា លោកមានសិទ្ធិឲ្យមេធាវីនាំពាក្យ និងបង្ហាញពីឆន្ទៈផ្ទាល់ខ្លួនរបស់លោក ស្របតាមច្បាប់ដែលបានបញ្ញត្តិ។
ការអះអាងរបស់ លោក កឹម សុខា បែបនេះ បានធ្វើឡើងបន្ទាប់លោក ចាន់ ចេន មេធាវីរបស់លោក កឹម សុខា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទដែលរៀបចំដោយ ក្រុមរបស់លោក សម រង្ស៉ី នៅសហរដ្ឋអាមេរិកនោះទេ។
ប៉ុន្ដែក្រោយការលើកឡើងរបស់លោកមេធាវី ចាន់ ចេន ក្រុមដែលគាំទ្រទណ្ឌិត សម រង្ស៊ី បានចេញមកវាយប្រហារភ្លាមៗថា ការលើកឡើងរបស់មេធាវី ចាន់ ចេន ខុសពីការពិត ដោយមិនមែនឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់លោក កឹម សុខានោះទេ។
លោក កឹម សុខា ចាត់ទុកថា អ្វីដែលមេធាវីរបស់លោក លើកឡើងកន្លងមក គឺជាឆន្ទៈពិតរបស់លោក។
តាមរយៈ Facebook ផ្លូវការនៅព្រឹកថ្ងៃនេះ លោក កឹម សុខា បានបញ្ជាក់យ៉ាងត្រឡប់ទៅវិញយ៉ាងដូច្នេះថា «ខ្ញុំ កឹម សុខា ជួបពិភាក្សាជាមួយមេធាវីរបស់ខ្ញុំ នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៨នេះ។ ខ្ញុំមានសិទ្ធិឲ្យមេធាវីរបស់ខ្ញុំ នាំពាក្យ និងបង្ហាញពីឆន្ទៈខ្ញុំ ដែលជាកូនក្តីជាផ្លូវការស្របតាមបញ្ញត្តិច្បាប់»។
ក្រៅពីលោក កឹម សុខា ដែលប្រកាសជំហរមិនទទួលស្គាល់សន្និសីទដែលរៀបចំដោយ លោក សម រង្ស៉ី នោះ សម្រាប់ក្រុមសមាជិកអតីតគណបក្សសង្រ្គោះជាតិមួយចំនួន នៅសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រដល់គោលជំហររបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនេះ ដែលមិនទទួលស្គាល់ សន្និសីទនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលរៀបចំដោយ ក្រុមរបស់លោក សម រង្ស៉ី នេះផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំសន្និសីទ នៅទីក្រុងអាត្លង់តា ថ្ងៃទី០១-០២ ខែធ្នូ ខាងមុខនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា អ្នកគាំទ្រ និងថ្នាក់ដឹកនាំមួយចំនួន ដែលជាអតីតមកពីគណបក្សសមរង្ស៉ី បានចាកចេញ និងបោះបង់ចោលគណបក្សសង្រ្គោះជាតិ ដោយចំហរ ដើម្បីទៅចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ លោក សម រង្ស៉ី»៕