(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងថា បើគ្មាន ២ធ្នូ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» និងគ្មានគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏គ្មានសន្ដិភាពដូចបច្ចុប្បន្ននេះដែរ។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងពិធីនោះ តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងយ៉ាងដូច្នេះថា «បើគ្មាន២ធ្នូ (រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា) ក៏គ្មាន ៧មករា បើគ្មាន៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបើគ្មានគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏មិនអាចមានសន្ដិភាព ដូចបច្ចុប្បន្ននេះដែរ»។
លោកបណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ថា ថ្ងៃទី២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ។
លោកបណ្ឌិត បានបន្ថែមទៀតថា រណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលមានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបប ប៉ុលពត ដ៏យង់ឃ្នង រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុង នៃការវិលត្រឡប់មកវិញ នូវរបបនេះជាលើកទីពីរ។
ពីប្រទេសដែលបំផ្លេចបំផ្លាញគ្មានសល់ ដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល តាមរយៈការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនានោះ ធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាពិសេសវិស័យ សេដ្ឋកិច្ចសង្គម មានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យម ក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ។ ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតកាលពី៤០ឆ្នាំមុននោះ បានធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកមួយនេះ៕