(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ដឹកដោយលោក អ៊ុក សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបើកប្រតិបត្តិការបង្រ្កាប មុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅជាយដែន ដោយចាប់ឃាត់ខ្លួនបានចំនួន២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន១,៨៩២គ្រាប់ នៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានឲ្យដឹង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ បានធ្វើឡើងនាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដោយបានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ទី១៖ ឈ្មោះ ដែន លីវយី ភេទប្រុស អាយុ១៨ឆ្នាំ និងទី២៖ ឈ្មោះ លឿន វិទូ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២នាក់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបន្ដថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានឆែកឆេររកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន WY ចំនួន១,៨៩២គ្រាប់ និងទូរស័ព្ទដៃ២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀន នគរបាលជំនាញបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕