(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៣ នៅតំបន់អង្គរ ខេត្តសៀមរាប បានបញ្ចប់ហើយ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ បន្ទាប់ពីមានកំណើនអ្នកចូលរួមច្រើនជាងឆ្នាំមុន ។ ទន្ទឹមជាមួយគ្នា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យថ្មីនេះ នឹងបានសង្កត់ធ្ងន់ថា ដោយសារកម្ពុជា មានសន្ដិភាពពេញលេញ ទើបមានកំណើនភ្ញៀវបរទេសច្រើន រហូតមានអ្នកនាំទាំងគ្រួសារមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
លោកបណ្ឌិត ថោង ខុន បានថ្លែងថា «ខ្ញុំឃើញទិដ្ឋភាពមួយដ៏ល្អ ដោយភ្ញៀវបរទេសមករត់ហ្នឹង ខ្ញុំបានដើរសំណេះសំណាល់ពួកគាត់ ខ្លះគាត់បាននាំយកទាំងកូន ខ្លះទាំងគ្រួសារ ហើយសុទ្ធតែបានអរគុណ ចំពោះការរៀបចំនេះ ពិសេសភាគច្រើន មកពីអង់គ្លេស អាមេរិក និងបារាំងជាដើម ចឹងឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំរបស់យើង បានកាន់តែល្អ ពិសេសគឺគេដឹងថា ស្រុកទេសយើងមានសុខសន្ដិភាពដ៏ល្អ ដែលគ្រប់ទីកន្លែងទាំងអស់ ពោរពេញញដោយសុខសន្ដិភាព ដូច្នេះពួកគាត់បានសន្យានឹងមកដល់ចូលរួមបន្ដបន្ទាប់ទៀត ក៏ដូចជាផ្សព្វផ្សាយដល់មិត្តភ័ក្រ និងបងប្អូនមកលេងនៅកម្ពុជាផងដែរ» ។
លោករដ្ឋមន្ដ្រីបន្ដថា ទិវារត់ប្រណាំងអន្ដរជាតិឆ្នាំនេះ បានបង្កើតនូវកំណត់ត្រាថ្មី ដែលជាមោទនភាព និងលើកកិត្តិយសជាតិទាំងមូល ដោយមានភ្ញៀវទេសចរចូលរួមច្រើន ពិសេសភ្ញៀវបរទេស ដែលកើនជាង ២០% បើធៀបនឹងឆ្នាំមុន ។ លោកសង្កត់ធ្ងន់ថា «ស្រុកទេសមួយ កាលណាគេយកកូនចៅគេមកជាមួយ មានន័យថា គេជឿជាក់បំផុតហើយ ចំពោះភាពកក់ក្ដៅ ក្នុងដំណើរកម្សាន្ដរបស់គេ តែបើស្រុកទេសយើង គ្មានសន្ដិភាព គ្មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍នោះ គេមិនមែននាំទាំងគ្រួសារមកចូលរួមទេ ។ ចឹងនេះគឺជាមោទនភាពមែនទែន សម្រាប់ប្រទេសជាតិ និងប្រជាជនយើង» ។
គួរបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរឆ្នាំនេះ គឺមានជនជាតិខ្មែរ និងបរទេសសរុប ១០,៥០០នាក់ មកពី ៧៨ប្រទេសចូលរួមកើន ១៥% បើធៀបនឹងឆ្នាំ២០១៧ ខណៈមានបរទេស ៥,២០០នាក់កើន ២០% ដោយជនជាតិអង់គ្លេស ឈរលេខ១, អាមេរិក ឈរលេខ២ និងបារាំង ឈរលេខ៣ ។ រីឯលទ្ធផលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករបារាំង Cuzzucoli Valentin លេខ២ បានទៅកីឡាករជប៉ុន Daisuke Yamauchi និងលេខ៣ បានទៅកីឡាករចិន Chap Manjackey ។
ចំណែករត់ចម្ងាយ ២០គីឡូម៉ែត្រផ្នែកនារី លេខ១ កីឡាការិនីអូស្ដ្រាលី Rosel Bec, លេខ២ កីឡាការិនីអៀកឡង់ Maire Nic Amhlacibh និងលេខ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Small Bronuyn ។ រីឯលទ្ធផលផ្នែក ១០គីឡូម៉ែត្របុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករកម្ពុជា ជា សម្ភស្ស និងលេខ៣ កីឡាករអូស្ដ្រាលី Happell James ស្របពេលផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Clarke Lyndsay, លេខ២ កីឡាការិនីជប៉ុន Watanabe Chiharu និងលេខ៣ កីឡាការិនីបារាំង Geyercarles Maeva ។ លើសពីនេះ ក៏មានការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រជនពិការ រួមទាំងប្រណាំងរទេះជនពិការអបអរសាទរព្រឹត្តិការណ៍អន្ដរជាតិនេះផងដែរ៕