(ស្រីលង្កា)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាជាន់ខ្ពស់ សន្និសីទទេសាភិបាលស៊ាសិនលើកទី៥៤ និងកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន (SEACEN) លើកទី៣៨នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីឲ្យទេសាភិបាលធនាគារកណ្ដាលទាំងអស់ ចូលរួមផ្លាស់ប្ដូរបទពិសោធន៍ និងយោបល់នានា ដើម្បីធ្វើយ៉ាងណារក្សាកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មជ្ឈមណ្ឌលស៊ាសិន មានសមាជិកជាធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ដុសរុបចំនួន១៩ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ដល់មន្ត្រីធនាគារកណ្តលជាសមាជិក ។
យោងតាមធនាគារជាតិឲ្យដឹងថា សិក្ខាសាលាសន្និសីទនេះផ្តល់ឱកាសជូនថ្នាក់ដឹកនាំ ធនាគារកណ្តាលជួបជុំពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍អំពីបញ្ហាប្រឈមក្នុងតំបន់ និងគោលនយោបាយដោះស្រាយចម្បងៗ ដើម្បីរក្សាកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្រាប់កិច្ចប្រជុំសម្រាប់ឆ្នាំនេះ ប្រធានបទដែលលើកយកមកពិភាក្សាគឺ ផ្តោតលើគោលនយោបាយរូបិយវត្ថុនៅក្នុងបរិការណ៍នៃ ការវិវត្តន៍ឆាប់រហ័សនៃរូបិយវត្ថុអេឡិចត្រូនិក របស់ធនាគារកណ្តាល, បញ្ហាអតិផរណានៅក្នុងប្រទេសកំពុងលូតលាស់ និងការប្រឈមរបស់ធនាគារកណ្តាល នៅក្នុងសេដ្ឋកិច្ចតូចនិងបើកចំហរ។
កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន ក៏បានពិនិត្យមើលលើលទ្ធផល ដែលមជ្ឈមមណ្ឌលស៊ាសិន សម្រេចបាននៅក្នុងឆ្នាំ២០១៨ ជាមួយនឹងការអបអរសាទរដែលស៊ាសិន បានផ្តល់ការបណ្តុះបណ្តាល ប្រកបដោយប្រសិទ្ធភាព។
ក្រុមប្រឹក្សាទេសាភិបាលស៊ាសិន ក៏បានអនុម័ត្រលើផែនការយុទ្ធសាស្ត្រ របស់ស៊ានសិនសម្រាប់ឆ្នាំ២០១៩ និងគំនិតផ្តួចផ្តើមនានា សម្រាប់ពង្រឹងគុណភាពបណ្តុះបណ្តាល និងការស្រាវជ្រាវនាពេលខាងមុខថែមទៀត។ ម្យ៉ាងទៀតវេទិកាទាំងនេះ បានផ្តល់ឱកាសជូនថ្នាក់ទេសាភិបាលធនាគារកណ្តាល ជាសមាជិកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ។
កន្លងមកធនាគារជាតិនៃកម្ពុជា បានបញ្ជូនមន្ត្រីបុគ្គលិកឱ្យចូលរួមវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវនិងកិច្ចប្រជុំនានា របស់មជ្ឈមណ្ឌលស៊ាសិន ដើម្បីពង្រឹងគុណភាពជំនាញ និងឯកទេសកម្មរបស់មន្ត្រីបុគ្គលិក។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ធនាគារកណ្តលថៃ បានដើរតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ របស់មជ្ឈមណ្ឌលស៊ាសិនហើយសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ខាងមុខនេះ ធនាគារកណ្តាលស្រីលង្កា និងធនាគារកណ្តាលសិង្ហបុរី នឹងធ្វើជាប្រធានជាបន្តបន្ទាប់៕