(ភ្នំពេញ)៖ សាលារៀនញូវហ្គេតវ៉េ អន្តរជាតិ (សាខាសែនសុខ) នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពិធីជំនួបរវាងមាតាបិតាអាណាព្យាបាលសិស្ស និងគ្រូបង្រៀន ដើម្បីធ្វើការផ្លាស់ប្តូរយោលបល់គ្នា ទៅលើការរីកចម្រើន និងចំណុចកែលម្អ លើកង្វះខាតមួយចំនួនរបស់សិស្ស ដោយធ្វើយ៉ាងណាឲ្យពួកគេ ទទួលបានចំណេះដឹង សីលធម៌ សុជីវធម៌ ក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងការអប់រំអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់។
បើតាមអ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានលើកឡើងពីអត្ថប្រយោជន៍ និងគោលបំណង នៃជំនួបក្នុងថ្ងៃនេះ ដោយផ្តោតយ៉ាងសំខាន់ ទៅលើការបង្កើនទំនាក់ទំនង និងកិច្ចសហការរវាងមាតាបិតាសិស្សជាមួយគ្រូបង្រៀន ដើម្បីផ្លាស់ប្តូរយោលបល់គ្នា ពាក់ព័ន្ធនិងការរីកចម្រើន និងចំណុចដែលត្រូវយកចិត្តទុកដាក់កែលម្អលើកង្វះខាតមួយចំនួនរបស់កូនៗ។
អ្នកឧកញ៉ា បានថ្លែងយ៉ាងដូច្នេះថា «ការទទួលបានភាពជោគជ័យ ក្នុងការអប់រំបុត្រធីតា គឺមិនអាចពឹងផ្អែកតែលើសាលារៀនទាំងស្រុងនោះទេ គឺត្រូវទាមទារឲ្យមានការសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសតាមដានការសិក្សារបស់កូនៗ ពីសំណាក់មាតា បិតា និងអាណាព្យាបាលសិស្សគ្រប់រូប មិនអាចខ្វះបាន»។
អ្នកឧកញ៉ាបានបន្តថា ការចូលរួមរបស់មាតាបិតា អាណាព្យាបាលសិស្ស ក្នុងការអប់រំជាកត្តាសំខាន់បំផុត និងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដូចជាសិស្សទទួលបានការសិក្សាល្អ អាត្រាការប្រឡងជាប់ខ្ពស់ អាត្រាបោះបង់ និងព្យួរការសិក្សាមានកម្រិតទាប ព្រមទាំងធ្វើឲ្យសិស្ស អាចស្ថិតនៅឆ្ងាយ ពីគ្រឿងញៀន គ្រឿងស្រវឹង និងកសម្មភាពក្មេងទំនើង ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លុបបំបាត់ជាដើម។
ជាមួយនិងការពង្រឹងគុណភាពសិស្ស និងកូនៗ ឲ្យប្រកបទៅដោយឥរិយាបទថ្លៃថ្នូរ និងរក្សាបាននូវចំណេះដឹង ក្នុងកម្រិនខ្ពស់តាមរយៈ ការជួបជុំជាមួយ អាណាព្យាបាលក្នុងថ្ងៃនេះ សាលារៀនញូវហ្គេតវ៉េអន្តរជាតិ បានជ្រើសរើសនូវកម្មវិធីសិក្សាចំនួន៣ ជាអាទិ៍ភាព ដែលផ្តោតលើ STEM ដែលមានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សម្រាប់ភាពជាអ្នកដឹកនំា និងសហគ្រិនភាព។
ត្រង់ចំណុចនេះ អគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានបញ្ជាក់ថា «យើងមានគ្រូបង្រៀន ប្រកបដោយការប្តេជ្ញាចិត្ត សមត្ថភាព និងបទពិសោធន៍ ខាងការបង្រៀនជាច្រើនឆ្នាំ ទាំងក្នុងសាលារដ្ឋ និងសាលា អន្តរអគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ នានានៅក្នុងតំបន់»។
សូមបញ្ជាក់ថា ការអភិវឌ្ឍចរិតលក្ខណៈរបស់កុមារតាំងពីតូច គឺជាចំណុចសំខាន់របស់សាលារៀនញូហ្គេត វ៉េអន្តរជាតិ ដោយឈរក្នុងនាមជាស្ថាប័នអប់រំ។ សម្រាប់កិច្ចសហការជាមួយឪពុកម្តាយ និងគ្រូបង្រៀន គឺមានបំណងផ្តល់ការអប់រំទៅដល់សិស្ស ដើម្បីឲ្យពួកគេក្លាយជាអ្នកដឹកនាំដោយប្រើបញ្ញា សកម្មភាព និងបេះដូងរបស់ពួកគេដោយមិនបោះបង់ ក្នុងការបន្តស្វែងរកភាពជោគជ័យនៅក្នុងពេលអនាគត៕