(ភ្នំពេញ)៖ អំពើរំលោភសេពសន្ថវៈ គឺជាអំពើមួយក្នុងចំណោមអំពើបៀតបៀន ដល់ផ្លូវភេទដទៃទៀត ដែលបានកើតមានជាញឹកញាប់ស្ទើរតែរៀងរាល់ថ្ងៃ ហើយអំពើនេះភាគច្រើន កើតមានចំពោះស្រ្តី និងកុមារដែលមិនទាន់គ្រប់អាយុ។ កន្លងមកអំពើរំលោភសេពសន្ថវៈ ក៏ធ្លាប់កើតមានផងដែរ ក្នុងរូបភាព ជាឪពុកចុងរំលោភកូនដើម តារំលោភចៅ និងពូរំលោភក្មួយជាដើម។ល។
អំពើរំលោភសេពសន្ថវៈ បានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះជនរងគ្រោះផ្ទាល់ គ្រួសារសាច់ញាតិ និងសង្គមជាតិទាំងមូល ដែលទាមទារជាចាំបាច់ ឲ្យមានវិធានការដើម្បីទប់ស្កាត់ និងផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តអំពើល្មើសនេះ។ តើអំពើបែបណាខ្លះដែលត្រូវបានកំណត់ថាជា បទល្មើសសេពសន្ថវៈ? ហើយជនដែលប្រព្រឹត្តល្មើសនឹងត្រូវ ផ្ដន្ទាទោសកម្រិតណា?
កម្មវីធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវី សហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសរំលោភសេពសន្ថវៈ» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិតដូចតទៅ៖
«រំលោភសេពសន្ថវៈ» ជាសញ្ញាណនៃអំពើបំពានទៅលើផ្លូវភេទមួយប្រភេទ ដែលមានចែងយ៉ាងច្បាស់លាស់ក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលក្ខណៈ នៃអំពើដែលបំពានទៅលើផ្លូវភេទមានច្រើនបែបច្រើនទម្រង់ ដែលក្រមព្រហ្មទណ្ឌបានកំណត់ថា ជាបទល្មើសផ្សេងៗគ្នា ទៅតាមលក្ខណៈសត្យានុម័តដាច់ដោយឡែករបស់វា ដូចជា «បទរំលោភសេពសន្ថវៈ» «បទប្រទូសកេរខ្មាស» «បទរុកកួនខាងផ្លូវភេទ» ជាដើម។
«បទល្មើសរំលោភសេពសន្ថវៈ» ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា២៣៩ ដែលបានបញ្ញត្តថា៖ «គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាម កំហែង ឬដោយឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។
ចំណុចសំខាន់ដែលយើងត្រូវយល់ពីសញ្ញាណ នៃបទល្មើសនេះគឺ ទី១៖ ទាក់ទងនឹងចេតនា (ការព្រមព្រៀង) របស់ជនរងគ្រោះដែលនៅក្នុងបទល្មើស រំលោភសេពសន្ថវៈ គឺមិនមានការព្រមព្រៀងពីជនរងគ្រោះឡើយ និងទី២៖ ជនល្មើសប្រព្រឹត្តអំពើនេះ ក្រោមរូបភាពបំពានលើសិទិ្ធ ខាងផ្លូវភេទជនរងគ្រោះ ដោយការប្រើប្រាស់ហិង្សា បង្ខិតបង្ខំ គំរាមកំហែង ការឆ្មក់ឱកាសទៅលើជនរងគ្រោះដើម្បីប្រព្រឹត្តបទល្មើសដើម្បី សម្រេចចំណង់ផ្លូវភេទខ្លួន ដើម្បីបញ្ចូលអង្គជាតរបស់ខ្លួន ទៅក្នុងអង្គជាត (អវយវៈភេទ) របស់ជនរងគ្រោះ ឬកន្លែង ផ្សេងៗទៀតរបស់ជនរងគ្រោះ ដូចជា គូទ ឬមាត់ជាដើម។ ជនល្មើសក៏អាចប្រើប្រាស់ឧបករណ៍ ផ្សេងៗទៀត ដើម្បីបញ្ចូលទៅក្នុងអង្គជាតរបស់ជនរងគ្រោះផងដែរ។
ម៉្យាងវិញទៀត ជនល្មើសអាចប្រព្រឹត្តអំពើនេះ ដោយការប្រើប្រាស់អាវុធ ឬគំរាមកំហែងថា នឹងប្រើប្រាស់អាវុធ ឬប្រើប្រាស់នូវគ្រឿងញៀន ឬសារធាតុផ្សេងៗទៀត ដើម្បីធ្វើឲ្យជនរងគ្រោះបាត់បង់ស្មារតីជាដើម។ ជនរងគ្រោះនៅក្នុងបទល្មើសរំលោភសេពសន្ថវៈ ត្រូវតែជារូបវន្តបុគ្គល ដែលនៅរស់រានមានជីវិត ទោះបីជាមានភេទដូចគ្នា ឬក៏ខុសគ្នាក៏ដោយ។
ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា «បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់)ឆ្នាំ»។ ការផ្តន្ទាទោសនេះ សំដៅតែលើបទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។
ប្រសិនបើមានស្ថានទម្ងន់ទោសនោះ កម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលដូចខាងក្រោម៖
*មាត្រា២៤០៖ បទរំលោភសេពសន្ថវៈត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងដោយ៖
១៖ប្រើប្រាស់អាវុធ ឬគំរាមកំហែងថានឹងប្រើប្រាស់អាវុធ
២៖ប្រើប្រាស់គ្រឿងញៀន ឬវីធីផ្សេងៗ នាំឲ្យជនរងគ្រោះបាត់បង់ស្មារតី
៣៖បុគ្គលដែលមានអំណាចលើជនរងគ្រោះ
៤៖បុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ
៥៖បុគ្គលច្រើនរូបក្នុងនាមជាចារី សហចារី អ្នកផ្ដើមគំនិត អ្នកសមគំនិត។
*មាត្រា២៤១៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តទៅលើ៖
១៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ
២៖នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង
៣៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពនៃបុគ្គលនេះ ត្រូវបានគេមើលឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។
*មាត្រា២៤២៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះ។
*មាត្រា២៤៣៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម ឬអំពើឃោរឃៅ។
*មាត្រា២៤៤៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០(សាមសិប) ឆ្នាំ កាលបើបទល្មើសនេះបណ្ដាលឲ្យ ជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។ ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ មានទោសបន្ថែមផ្សេងៗទៀត ដែលអាចត្រូវប្រកាសចំពោះជនល្មើស ហើយទោសបន្ថែមទាំងនោះ មានចែងក្នុងមាត្រា២៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group