(កំពង់ធំ)៖ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺជាស្រុកមួយមានវិសាលភាពដំណាំស្រូវដ៏ធំមួយ ដែលមានប្រព័ន្ធធារាសាស្រ្តធំៗចំនួនបី ក្នុងនោះ ប្រព័ន្ធធារាសាស្រ្តសម្តេច ហ៊ុន សែន ទន្លេជុំ គឺជាប្រព័ន្ធធារាសាស្រ្តធំដែលអាចមានវិសាលភាពស្រោចស្រពលើផ្ទៃដី ស្រូវបណ្តេញទឹកប្រមាណ ជិត៤,០០០ហិចតា ជារៀងរាល់ឆ្នាំ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានបញ្ជាក់ថា វិសាលភាពនៃផ្ទៃដីបង្កបង្កើនផលនៃដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ មានវិសាលភាពធំ ទាំងស្រែវស្សា និងស្រែបណ្តេញទឹក ដែលនៅក្នុងនោះ មានស្រូវវស្សាមានរហូតទៅដល់ជាង៤៥,០០០ហិចតា។
លោកអះអាងថា ដោយសារតែបម្រែបម្រួល អាកាលធាតុនៅចុងរដូវវស្សាពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ បានធ្វើឲ្យស្រូវវស្សាប្រមាណ ២,៧០០ហិចតា រងនូវការខូចខាតទាំងស្រុង ហើយស្រូវវស្សា ដែលអាចទាញយកប្រភពទឹកមកជួយសង្គ្រោះបាន ទាំងស្រុងបានប្រមាណ១,៩០០ហិចតា និងស្រូវប្រមាណជា ២,៩០០ហិចតា ផ្សេងទៀតដែលគ្រោង នឹងសង្គ្រោះលែងបានបែរជាមានភាពល្អប្រសើរបានមួយចំនួនមកវិញ ដោយសារមានភ្លៀងធ្លាក់ចំនួនពីរ ថ្ងៃកាលពីថ្ងៃទី២៦ និង២៧ ខែវិច្ឆិកាកន្លងទៅនេះ។
លោកអភិបាលស្រុករូបនេះបន្តថា ចំពោះស្ថានភាពស្រូវបណ្តេញទឹកវិញ នៅស្រុកបារាយណ៍នាឆ្នាំនេះ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋបានចំនួន ៦,៥២៥ហិចតា លើផែនការបង្ករបង្កើនផលត្រឹមតែ ៣,៥០០ហិចតាប៉ុណ្ណោះ ដែលចំនួននេះគឺប្រជាពលរដ្ឋមានការបង្កបង្កើនផលលើសផែនការ នៃការផ្គត់ផ្គង់ទឹករហូតទៅដល់ ៣,០២៥ហិចតា ប៉ុន្តែដោយសារតែមានភ្លៀងធ្លាក់ចំនួនពីរថ្ងៃកាលពីពេលមុននេះ បានធ្វើឲ្យទឹកនៅតាមស្រែ តាមប្រព័ន្ធធារាសាស្ត្រ និងប្រឡាយ មានទឹកជោគជាំសមល្មមអាចផ្គត់ផ្គង់ទឹកបានឡើងវិញ។
សម្រាប់ក្ដីរំពឹងនោះ ស្រូវបណ្តេញទឹករបស់ប្រជាពលរដ្ឋក្នុងឆ្នាំនេះ នឹងមិនខ្វះខាតទឹកនោះទេ ព្រោះគ្រាន់តែអាងទឹករបស់អាង សម្ដេច ហ៊ុន សែន ទន្លេជុំ មានទឹកច្រើនដែលនេះអាចជួយស្រោចស្រពលើផ្ទៃដីគ្រប់គ្រាន់ប្រមាណ៣,៥០០ហិចតា និងប្រហែលជាជិត៥០០ហិចតាផ្សេងទៀត។
ជាមួយគ្នានេះ លោក ហាក់ ម៉ុងហួត ក៏បានគូសបញ្ជាក់ថា ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ រាជរដ្ឋាភិបាលក៏មានគម្រោងស្តារនូវប្រព័ន្ធធារាសាស្រ្ត ក្នុងស្រុកបារាយណ៍ ដើម្បីនាំទឹក និងស្តុកទឹកឲ្យច្រើនជាងឆ្នាំនេះផងដែរ ហើយក្រៅពីការស្តារឡើងវិញនូវប្រឡាយមេ និងប្រឡាយរងទាំងនេះ រដ្ឋបាលខេត្ត និងស្រុក ក៏គ្រោងនឹងឲ្យប្រជាពលរដ្ឋ និងសហគមន៍ស្តារនូវប្រឡាយរបស់សហគមន៍ឲ្យបានជ្រៅជាងមុន ដើម្បីឲ្យពួកគាត់ងាយស្រួលបង្ហូរទាញយកទឹក និងជាពិសេសអាចស្តុកទឹកបានច្រើន ការពារភាពរឹងស្ងួត និងការផ្តល់ទឹកពីប្រឡាយ មេមិនគ្រប់គ្រាន់ ឬអាចនិយាយបានថា ទំស្កាត់ភាពខ្វះខាតបរិមាណទឹកក្នុងការផ្គត់ផ្គង់ដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើស្រូវបណ្តេញទឹកចំនួន ៦,៥២៥ហិចតា លើ៧ឃុំ គឺឃុំឈូកខ្សាច់ ឃុំត្នោតជុំ ឃុំបារាយណ៍ ឃុំទ្រៀល ឃុំស្រឡៅ ឃុំពង្រ និងឃុំចុងដូង៕