(ព្រៃវែង)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដល់សហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តព្រៃវែង។
សូមជម្រាបថា មហាសន្និបាតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្តេជ្ញាអនុវត្តន៍នូវការងារស្នូលចំនួន៧ចំណុច ដើម្បីរួមចំណែកកសាងធនធានមនុស្សជំនាន់ថ្មី ជាប្រយោជន៍សម្រាប់កសាងសង្គមកម្ពុជា។
ការងារស្នូលទាំង៧ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាប្តេជ្ញាអនុវត្តន៍បន្តនោះរួមមាន៖
*ទី១៖ បន្តថែរក្សាកិត្យានុភាពល្អរបស់ ស.ស.យ.ក តាមរយ:ការធ្វើអំពើល្អ
*ទី២៖ បន្តថែរក្សាស្មារតី ០២ធ្នូ ដែលកើតចេញពីការតស៊ូការលះបង់របស់ឥស្សរជនជំនាន់មុនរបស់កម្ពុជា
*ទី៣៖ បង្កើនការគាំទ្រពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន តាមរយ:ការបង្កើតភាពវិជ្ជមានកាន់តែច្រើនសម្រាប់សង្គម
*ទី៤៖ ជំរុញឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ប៉ុន្តែលើកទឹកចិត្តពេលមានការចូលរួម
*ទី៥៖ គាំទ្រ និងលើកទឹកចិត្តឲ្យយុវជនខិតខំបង្កើនសមត្ថភាពក្នុងវិស័យរបស់ខ្លួន
*ទី៦៖ បន្តពង្រឹង និងពង្រីកចំណងមិត្តភាពរវាងយុវជន និងយុវជនក្នុងវិស័យរបស់ខ្លួន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស
*ទី៧៖ ជំរុញឲ្យមានការផ្សាយនូវសកម្មភាពរបស់ខ្លួន (លើកទឹកចិត្តដល់អ្នកដែលចូលរួមធ្វើ និងបញ្ជ្រាបដល់មជ្ឈដ្ឋានផ្សេងបានដឹងនូវអ្វីដែលយើងកំពុងធ្វើ)។
បន្ថែមពីលើស្មារតីដែលបានដាក់ចេញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតនេះ ក៏បានកោតសរសើរចំពោះស្មារតីរួបរួម និងការខិតខំសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ដែលភាគច្រើនសុទ្ធតែជាយុវជន យុវនារីជំនាន់ក្រោយនេះ ឲ្យប្រឹងប្រែងបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឲ្យឈ្មោះទៅភាពរុងរឿងបន្ថែមទៀត៕