(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ សហការជាមួយអង្គការមនុស្សធម៌ដើម្បីកុមារ និងស្ត្រី បានរៀបចំកម្មវិធី «ជិះកង់ដើម្បីកុមារ» លើកទី១៣ នៅតំបន់អង្គរ ដែលមានអ្នកចូលរួមជនជាតិ-អន្តរជាតិ ជាង៥០០នាក់ ស្ថិតក្នុងអធិបតីភាពរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី ម៉ននី រង្សី អនុប្រធាន ស.ស.យ.ក ខេត្តសៀមរាប។
លោកស្រី ម៉ននី រង្សី បានឲ្យដឹងថា ឆ្នាំនេះជាលើកទី២ហើយ ដែលស.ស.យ.ក ខេត្ត បានចូលរួមសហការជាមួយអង្គការមនុស្សធម៌ដើម្បីកុមារ និងស្ត្រី, អាជ្ញាជាតិអប្សរា, ក្រុមហ៊ុន និងអង្គភាពពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីកុមារ» នៅលើទឹកដីអង្គរ ដែលពិធីនេះមានអ្នកចូលរួមជាយុវជន មនុស្សចាស់ ក្មេងៗកុមារ ទាំងប្រុស ទាំងស្រី និងមានលោកតាវ័យ ៨៦ឆ្នាំម្នាក់ បានចូលរួមជិះក្នុងចម្ងាយ១១៧គីឡូម៉ែត្រផងដែរ ពិសេសលោកតា តែងតែចូលរួមជិះកង់នៅតំបន់អង្គរស្ទើរគ្រប់ពេល ដោយមិនបានបោះបង់ការជិះកង់ពាក់កណ្ដាលទីម្ដងណាឡើយ។
លោកស្រី បានបញ្ជាក់ថា កម្មវិធីនេះ នឹងបើកឱកាសឲ្យប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវជន បានចូលរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា តាមរយៈការជិះកង់ជាលក្ខណៈមិត្តភាព និងដើម្បីប្រមូលថវិកា ដែលនៅសល់ពីការចំណាយក្នុងកម្មវិធីនេះ ទៅជួយដល់កុមារ និងស្រ្ដីដែលរស់នៅក្នុងពន្ធនាគារ និងចែកកង់ សម្ភារៈសិក្សា ជូនប្អូនៗសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សា តែខ្វះមធ្យោបាយ ដែលនេះជាផ្នែកមួយក្នុងការជួយលើកកម្ពស់ និងជំរុញការសិក្សារបស់កុមារ ដែលមានជីវភាពខ្វះខាត់ មានឱកាសសិក្សាដូចកុមារទូទៅ។
សូមបញ្ជាក់ថា រយៈចម្ងាយនៃការជិះកង់ មាន៣ប្រភេទ គឺទី១៖ កាជិះកង់រយៈចម្ងាយ១៧គីឡូម៉ែត្រ ជាលក្ខណៈកម្សាន្ត, ទី២៖ ការជិះកង់រយៈចម្ងាយ ៣៧គីឡូម៉ែត្រ ជាការជិះកង់មានលក្ខណៈប្រកួតប្រជែង ដោយប្រើប្រាស់កង់ភ្នំ និងទី៣៖ ការជិះកង់រយៈចម្ងាយ ១១៧ គីឡូម៉ែត្រ ជាការជិះកង់មានលក្ខណៈប្រកួតប្រជែងដោយប្រើប្រាស់កង់គួក។
លោកស្រីបានបន្ថែមទៀតថា កាលពីឆ្នាំ២០១៧កន្លងទៅ គឺមានអ្នកចូលរួមសរុប៥៥៤នាក់ ក្នុងនោះមានបរទេស ចំនួន ២៣១នាក់ ហើយថវិកាដែលនៅសល់ ពីការរៀបចំកម្មវិធីក្នុងឆ្នាំ២០១៧ បានទិញកង់ជួយឧត្ថម្ភ ចំនួន៥០កង់ ដល់សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សាព្រៃទទឹង ក្នុងខេត្តសៀមរាប និងកង់មួយចំនួនទៀតដល់សិស្សានុសិស្ស នៅក្នុងខេត្តព្រៃវែង។
ក្នុងនោះឧត្ថម្ភថវិកាទៅដល់អង្គការ IL NODO ដែលជាអង្គការក្នុងស្រុកមួយដែលធ្វើការជួយទៅដល់កុមារ ដែលរស់នៅក្នុងពន្ធនាគាជាមួយម្ដាយ និងស្រ្តីដែលរស់នៅក្នុងពន្ធនាគារជាមួយម្ដាយ និងស្រ្ដីដែលរស់នៅក្នុងពន្ធនាគារ នៅកម្ពុជា។
បន្ថែមពីនេះ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា សម្រាប់អាជ្ញាធរខេត្ត នឹងគាំទ្រ សហការ នូវការរៀបចំកម្មវិធីដើម្បីសកម្មភាពមនុស្សធម៌ «ជិះកង់ដើម្បីកុមារ» ហើយថវិកាដែលទទួលបាន គឺជួយដល់កុមារ និងស្រ្ដីដែលរស់នៅក្នុងពន្ធនាគារ រួមនិងចែកកង់ សម្ភារសិក្សា ជូនសិស្សានុសិស្ស ដែលនេះជាផ្នែកមួយក្នុងការជួយលើកកម្ពស់ និងជំរុញការសិក្សារបស់កុមារផងដែរ៕