(ស្នូល, ក្រចេះ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងអំពាវនាវដល់យុវជនជំនាន់ក្រោយដែលនឹងត្រូវបន្តវេនដឹកនាំប្រទេសជាតិ ត្រូវតែចងចាំឲ្យបាននូវរណសិរ្សសាមគ្គីសង្គ្រោះជាតិ ឬមានឈ្មោះបច្ចុប្បន្នថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នោះ។ សម្តេច ហេង សំរិន ក៏បានអំពាវនាវផងដែរ ឲ្យអ្នកដឹកនាំជាតិជំនាន់ថ្មី ត្រូវតែប្រឹងប្រែងរក្សាឲ្យបាននូវមរតកសន្តិភាព ដែលអ្នកជំនាន់មុនបានប្រឹងប្រែងពលីកម្មសព្វបែបរកមកបានដោយលំបាកនេះ។
ការអំពាវនាវរបស់សម្តេចពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីប្រារព្ធមិទ្ទីញមហាជនអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលប្រារព្ធធ្វើឡើងនៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ស្ថិតនៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សម្តេចពញាចក្រី ហេង សំរិន បានរំលឹកពីការលះបង់ និងវីរៈភាពដ៏អង់អាចក្លាហានរបស់យុវជនជំនាន់មុន ដែលបច្ចុប្បន្នសុទ្ធសឹងជាថ្នាក់ដឹកនាំ និងឥស្សរជននយោបាយជាន់ខ្ពស់ក្នុងការដឹកនាំជាតិកម្ពុជាក្នុងការរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចបានរំលឹកថា ២ធ្នូ ជាទិវាប្រវត្តិសាស្រ្ត នាំមកនូវជ័យជម្នះសម្រាប់ពលរដ្ឋខ្មែរ ឈានទៅរកការសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់ សម្លាប់បានទាន់ពេលវេលា, នាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពត, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និង សម្ភារៈ របស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រំនៅក្នុង ប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះ បានរស់រានមានជីវិតឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់ការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ ទាំងនេះ គឺជាសច្ចធម៌ ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណា អាចបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ។
សម្តេចប្រធានរដ្ឋសភា និងជាថ្នាក់ដឹកនាំជាតិកម្ពុជាមួយរូប ដែលបានធ្វើពលីកម្មដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃរូបនេះបានលើកឡើងថា ផ្តើមចេញពីការតស៊ូ និងការលះបង់ដោយឥតលក្ខខណ្ឌទាំងអស់នោះហើយ ទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តដូចពេលបច្ចុប្បន្ន។ សម្តេចបានគូសបញ្ជាក់ថា សុខសន្តិភាពដែលកំពុងពេញប្រៀបលើដីកម្ពុជានាពេលបច្ចុប្បន្នមិនអាចកាត់ថ្លៃបាននោះឡើយ។ ក្នុងន័យនេះសម្តេច ហេង សំរិន អំពាវនាវដល់យុវជនជំនាន់ថ្មី ជាពិសេសអ្នកដែលនឹងត្រូវបន្តវេនដឹកនាំនាវាកម្ពុជា ត្រូវតែចាំ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ» ដែលជាថ្ងៃចាប់ផ្តើមនាំមកនូវសុខសន្តិភាព និងការរស់រៀនរបស់ពលរដ្ឋកម្ពុជា ហើយត្រូវតែថែរក្សាឲ្យបាននូវមរតកសុខសន្តិភាពនេះ។
«ខ្ញុំសូមផ្តាំផ្ញើ ជាពិសេសចំពោះយុវជនជំនាន់ក្រោយ ដែលនឹងក្លាយជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសជាតិ ត្រូវ ចងចាំថា រណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ បានក្លាយជាកញ្ចក់ ប្រវត្តិសាស្រ្តមួយដ៏សំខាន់សម្រាប់សង្គមកម្ពុជា។ ចូរយើងទាំងអស់គ្នាត្រូវថែរក្សាឱ្យបានគងវង្សនូវមរតកសន្តិភាព ជាប្រវត្តិសាស្រ្តដែលអ្នកជំនាន់មុន បានខិតខំធ្វើពលិកម្មកសាង ឡើងដោយសមុទ្រឈាម និងទឹកភ្នែក ត្រូវតែបន្តខិតខំពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង និងការរៀនសូត្រពីគម្រូ វីរភាពនៃការលះបង់ដ៏ច្រើនឥតគណនារបស់បុព្វការីជន វរជន អ្នកស្នេហាជាតិយើងដែលបានធ្វើអ្វីៗទាំងអស់ ដើម្បី ជាតិ និងប្រជាជន»។ នេះជាការអំពាវនាវរបស់សម្តេចពញាចក្រី ហេង សំរិន។
សម្តេចបន្ថែមថា «ចូរយើងត្រូវចងចាំថា សន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយស របស់ប្រជាជនយើង។ បើយើងបាត់បង់សន្តិភាព នោះយើង នឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ម្យ៉ាងទៀត ទម្រាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដែលកើតមានដូចពេលនេះ គឺយើងបានឆ្លងកាត់អស់រាប់សតវត្សនូវរឿងរ៉ាវមហាទុក្ខសោក វេទនាជាទីបំផុត។ ក្នុងន័យនេះ បើទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងមិនអាចទុកឱកាសឱ្យក្រុមប្រតិកិរិយា បំផ្លិចបំផ្លាញសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន សម្រេចបាននាពេលកន្លងមកបានឡើយ។ ហេតុនេះ ចូរយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពជាតិយើង»។
សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានសម្តែងការដឹងគុណ និងអរគុណ ដល់ជនរួមជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មបានដោយជោគជ័យ ក្នុងការបម្រើប្រទេសជាតិ។
សម្តេច ហេង សំរិន ក៏បានប្រកាសដែរថា គណបក្សនឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ព្រមទាំងជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅ ផ្ទាល់របស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
សម្តេចក៏បានបង្ហាញជំនឿចិត្តមុតមាំថា ជនរួមជាតិនៅគ្រប់ទិសទីនៅតែបន្តគាំទ្រចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចទាំងស្រុងនូវបំណងប្រាថ្នារបស់ជនរួមជាតិ គឺកសាងប្រទេសកម្ពុជាមួយ «ឯករាជ្យ សន្តិភាព សេរី-ភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»៕