(ស្នូល, ក្រចេះ)៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានប្រារព្ធខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្សយ៉ាងមហោឡារិក នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្ស ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ និងកងកម្លំាងប្រដាប់អាវុធ ចូលរួមប្រមាណ៣ម៉ឺននាក់។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានកកើតឡើងដោយកម្លំាងមហាសាមគ្គីប្រជាជនទំាងមូល ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈស្នេហាជាតិផ្សេងទៀត ជាថ្នាក់ដឹកនាំ។ រណសិរ្ស២ធ្នូបានជួយរំដោះប្រជាជននិងប្រទេសកម្ពុជា ចេញពីរណ្តៅមរណៈនៃរបបប៉ុលពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ពិធីប្រារព្ធខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស បានរៀបចំធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្ត ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កន្លែងដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានកកើតឡើងកាលពី៤០ឆ្នាំមុន។
សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នេះ គឺក្នុងស្មារតីរំលឹកការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុលពត។
សម្តេចបានរំលឹកថា អ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបបប៉ុលពត បានក្រោកឈរតស៊ូប្រកបដោយវីរភាពអង់អាចក្លាហាន ប្រឆាំងនឹងរបបខ្មែរក្រហម ហើយបានរួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» នៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨។ ដោយទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលា ពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមផង ចលនាតស៊ូ២ធ្នូ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្តេចបានមានប្រសាសន៍បន្តថា «ប្រវត្តិសាស្ត្រ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗ ដែលមានពិត និងមិនអាចប្រកែកបានឡើយ។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះ ការរស់រានមានជីវិតឡើងវិញ ប៉ុន្តែកម្ពុជាត្រូវប្រឈមនឹងឧបសគ្គ ផលលំបាករាប់ម៉ឺនជំពូក។ យើងបានកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ កម្ពុជាដ៏ក្រីក្របំផុត ថែមទំាងត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នា ប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៀត»។
សម្តេចសង្កត់ធ្ងន់ថា «ទំរាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងអស់ពីកម្លំាងកាយចិត្តក្នុងបុព្វហេតុជាតិនិងប្រជាជន។ យើងបានយកអាយុជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជននិងការរីកចម្រើនប្រទេសជាតិ»។
ទោះយ៉ាងណា សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងបន្ថែមថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាបានស្មើមុខមាត់ស្មើមាត់ជាមួយពិភពលោក។ អន្តរជាតិបានបង្កើនចំណងសាមគ្គីភាពមិត្តភាព សហប្រតិបត្តិការជាមួយកម្ពុជាកាន់តែល្អប្រសើរឡើង។
ប្រធានស្ថាបនិករណសិរ្ស២ធ្នូ បានលើកឡើងថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច គឺពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាមបែបយថាផល ទៅជាកសិឧស្សាហកម្ម ឧស្សាហកម្ម និងសេវាកម្ម។ កម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប ហើយកំពុងបន្តធ្វើដំណើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០។
សម្តេចពញាចក្រី បានបន្ថែមថា ស្មារតី២ធ្នូ ក៏ដូចជា ស្មារតី៧មករាដែរ តែងបានចារិកជាប់ក្នុងមនសិការរបស់ប្រជាជនគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមទ្ធិផល ធំៗនៃសង្គមជាតិ។ ក្រោមពន្លឺសុខសន្តិភាព សេរីភាព និងក្នុងជំហរក្តាប់ជាប់នូវជោគវាសនារបស់ខ្លួន កម្ពុជាជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មី ទៀតនូវសោកនាកម្មដូចក្នុងអតីតកាលឡើយ។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា «យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃទី២ ធ្នូ ១៩៧៨ មិនត្រឹមតែជាថ្ងៃដែលកម្ពុជាបោះជំហានចេញពីភាពហិនហោចខ្លោចផ្សានោះទេ និងមិនត្រឹមតែបានបង្ហាញពីស្មារតីលះបង់ និងការរួបរួមកម្លាំងអ្នកតស៊ូស្នេហា ជាតិប៉ុណ្ណោះទេ ប៉ុន្តែ ២ ធ្នូ ១៩៧៨ ក៏បានក្លាយទៅ ជាកញ្ចក់ប្រវត្តិសាស្រ្តដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា យកធ្វើជាមេរៀន ក្នុងការដឹកនាំប្រទេសជាតិ កុំឲ្យភ្លាំងភ្លាត់ធ្លាក់ក្នុងអន្លង់ប្រវត្តិសាស្រ្តនៃនរកអវចីជាថ្មីទៀត»។
ក្នុងឱកាសខួបលើកទី៤០ឆ្នាំនេះ សម្តេចប្រធានស្ថានិករណសិរ្ស២ធ្នូ ក្រៅពីបានលើកឡើងពីប្រវត្តិអតីតកាល ការលះបង់របស់វីរៈជនស្នេហាជាតិ សម្តេចក៏មិនភ្លេចលើកឡើង ពីការជួយគំាទ្រដល់កម្ពុជាពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនោះដែរ។ សម្តេច បានគូសបញ្ជាក់ថា «ក្នុងនាមរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំសូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អ្នកផ្តល់ជំនួយទាំងឡាយដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីក្នុងដំណាក់កាលរំដោះ រហូតមកដល់បច្ចុប្បន្ននេះ។ យើងខ្ញុំសង្ឃឹមជឿជាក់ថា សហគមន៍អន្តរជាតិ នឹងបន្តផ្តល់វិភាគទានដ៏ថ្លៃថ្លាថ្មីៗថែមទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៅកម្ពុជា»។
ជាអ្នកដែលបានបូជាជីវិតនិងពេលវេលាដើម្បីជាតិ សម្តេចប្រធានរដ្ឋសភា មិនចង់ឃើញប្រទេសជាតិមានសង្រ្គាមទៀតទេ ដូច្នេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជាទំាងអស់ ចងចាំថា សន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ម្យ៉ាងទៀតទម្រាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដែលកើតមានដូចពេលនេះ គឺ យើងបានឆ្លងកាត់អស់រាប់សតវត្សនូវរឿងរ៉ាវមហាទុក្ខសោកវេទនាជាទីបំផុត។
«ក្នុងន័យនេះ បើទោះបីត្រូវលះបង់ក្នុងតម្លៃ ណាក៏ដោយ គឺយើងមិនអាចទុកឱកាសឱ្យក្រុមប្រតិកិរិយា បំផ្លិចបំផ្លាញសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកបានឡើយ។ ហេតុនេះ ចូរយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពជាតិយើង»។ នេះជាការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពីទឹកដីប្រវត្តិសាស្រ្ត ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ៕