(ស្នួល, ក្រចេះ)៖ អង្គមហាមិទ្ទីញអបអរសាទរខួប ៤០ឆ្នាំនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ស្ថិតនៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ទីដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នបានប្រែឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងកាលពី ៤០ឆ្នាំមុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់មកពីតាមក្រសួងស្ថាប័ននានា។ ជាពិសេសពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់មហាជនជាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី សិស្សនិស្សិតសរុបប្រមាណជា ៣ម៉ឺននាក់។
ក្នុងពិធីនេះក្រៅពីការថ្លែងសុន្ទរកថារបស់សម្តេចពញាចក្រី ហេង សំរិន គេក៏មានរៀបចំការសម្តែងរឿងខ្លីមានចំណងជើងថា «ឈាម និងទឹកភ្នែក» ដែលបង្ហាញពីទុក្ខមហាវេទនាគ្មានអ្វីប្រៀបផ្ទឹមបានរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រោមនឹមទណ្ឌកម្មរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។
សូមបញ្ជាក់ថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលមានឈ្មោះដើមថា «រណសិរ្ស សាមគ្គី សង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបប ប៉ុលពត ដ៏យង់ឃ្នង រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុង នៃការវិលត្រឡប់មកវិញនូវរបបនេះជាលើកទីពីរ។
ពីប្រទេសដែលបំផ្លេចបំផ្លាញគ្មានសល់ដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល តាមរយៈការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនានោះ ធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសវិស័យ សេដ្ឋកិច្ចសង្គម មានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យម ក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ។
ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតកាលពី៤០ឆ្នាំមុននោះ បានធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកមួយនេះ៕