(សៀមរាប)៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៣ នៅមុខប្រាសាទរអង្គរ ខេត្តសៀមរាប បានចាប់ផ្តើមហើយ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុប ១០,៥០០នាក់ចូលរួម ។ ពិធីបាញ់កាំភ្លើងបញ្ជាចេញដំណើរ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើន ។
លោកបណ្ឌិត ថោង ខុន បានថ្លែងថា «ឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួតទទួលបានអ្នកចូលរួមរត់សរុបចំនួន ១០,៥០០នាក់ ដែលមានការកើន១៥% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះមានបរទេសចំនួន៥,២០០នាក់ មកពី៧៨ប្រទេសកើន២០% ធៀបនឹង ឆ្នាំ២០១៧ ដោយចំណាត់ថ្នាក់លេខ១ គឺជនជាតិអង់គ្លេស, លេខ ២ អាមេរិក, លេខ ៣ បារាំង, លេខ៤ ជប៉ុន, លេខ៥ អូស្រ្តាលី និងកម្ពុជាចំនួន ៥,៣០០នាក់» ។
មុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ លោករដ្ឋមន្ដ្រី បានសម្ដែងនូវការសូមសា្វគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ច្រើនកុះកររបស់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ហើយលោកបានស្នើកីឡាករ-ការិនីជាតិ និងអន្តរជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពបទបញ្ជាបច្ចេកទេស ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងសូមជួយថែរក្សាភាពស្អាត ភាពបៃតង និងចូលរួមការពារសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៃចក្រភពអង្គរផងដែរ ។
ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បញ្ជាក់ថា ការកើនឡើងចំនួនអ្នករត់ ទាំងភ្ញៀវជាតិ និងអន្ដរជាតិពេលនេះ ដោយសារកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឲ្យព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិធំៗ ទទួលបានការទាក់ទាញ និងការចូលរួមកាន់តែច្រើន ពីភ្ញៀវបរទេសនៅលើពិភពលោក ។ ដូច្នេះលោកសង្ឃឹមថា ភ្ញៀវបរទេសទាំងអស់ នឹងវិលត្រឡប់មកចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៤ ជាថ្មីទៀត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថាថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ មាន ៣វិញ្ញាសាត្រូវរត់ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់លក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ។ គោលបំណងសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ហើយក៏ផ្សាភ្ជាប់នឹងការងារសង្គមផងដែរ ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា កុមារកំព្រា និងជនពិការដោយគ្រាប់មីនផងដែរ៕