(ភ្នំពេញ)៖ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងក្លាយខ្លួនជាទណ្ឌិត និងដែលគេស្គាល់ថា ជាអ្នកនយោបាយខ្សោយខាងយុទ្ធសាស្ត្រ ឥឡូវនេះបានជួបនឹងមេរៀន​ជូរចត់ម្តង​​ទៀតហើយ។ សម រង្ស៊ី និងបក្សពួកដែលគាំទ្រផ្កាប់មុខមួយចំនួន​តូចបាន​ឃុបឃិត​គ្នារៀបចំគម្រោងផែនការ​សម្ងាត់មួយ ដើម្បីធ្វើបក្សប្រហារដណ្តើម​អំណាចពីលោក កឹម សុខា មកកាន់កាប់វិញ។ ផែនការបក្សប្រហារនេះត្រូវគេគ្រោង​រៀបចំនៅថ្ងៃទី ១ និងទី ២ ធ្នូ នៅឯទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក។ តាមរយៈគម្រោងនេះ សម រង្ស៊ី គ្រោងប្រមែប្រមូលក្រុមអ្នកគាំទ្រ​ផ្កាប់មុខរបស់ខ្លួនមកពីគ្រប់ទិសទី​ដើម្បីជួបជុំគ្នាក្រោមរូបភាពជាសន្និសីទពិភពលោក រួចហើយក៏រៀបចំឲ្យអ្នកគាំទ្រប្រកាស​សម្រេចមូល​មតិគ្នា​គាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានដឹកនាំថ្មីជំនួសលោក កឹម សុខា។ ពេលនោះ លោក សម រង្ស៊ី ដែលជាអ្នករៀបចំ​ផែនការដោយខ្លួនឯងនឹងធ្វើជា​ភ្ញាក់ផ្អើលដូច​ជាមិន​ដឹងអ្វីសោះហើយក៏ប្រកាសទទួលយកការសម្រេចរបស់សន្និសីទនេះក្រោមហេតុលថាជាឆន្ទៈ​របស់អ្នកគាំទ្រ ដើម្បីក្លាយខ្លួនជាមេដឹកនាំក្រុមប្រឆាំងជំនួសលោក កឹម សុខា ។ នេះជាគម្រោងដើមដែល សម រង្ស៊ី និងបក្ខពួកឃុបឃិតគ្នារៀបចំ។

ប៉ុន្តែ ជាចៃដន្យអាក្រក់ ឬអាចចាត់ទុកជាវាសនាអាក្រក់របស់ សម រង្ស៊ី ដែលម្តងហើយម្តងទៀតកម្មតែងតែតាមផ្តន្ទាគាត់រហូតនោះ ផែនការសម្ងាត់នេះក៏ត្រូវបានលោក សម រង្ស៊ី ខ្លួនឯងបង្ហាញឲ្យគេឃើញយ៉ាងច្បាស់តាមរយៈការបបួលសម្តេច ហ៊ុន សែន ភ្នាល់ដោយយកសេរីភាពលោក កឹម សុខា មកធ្វើជាល្បែង។ តាមរយៈការបបួល ភ្នាល់នេះ គេអាចយល់បានពីគោលដៅរបស់លោក សម រង្ស៊ី គឺមិនចង់ឃើញលោក កឹម សុខា មានសេរីភាពវិញឡើយមុនពេលគាត់ធ្វើបក្សប្រហារ។ បន្ថែមពីលើនេះ សុខៗស្រាប់តែលោក សូរ ណារ៉ូ ដែលគេស្គាល់ថាជាអ្នកគាំទ្រ សម រង្ស៊ី ផ្កាប់មុខម្នាក់ដែរនោះធ្លោយមាត់និយាយចេញមក ជាសាធារណៈកាលពីពេល​ថ្មីៗកន្លងទៅ​នេះ។ គោលដៅរបស់ សូរ ណារ៉ូ គឺចង់លាងគូថឲ្យលោក សម រង្ស៊ី រឿងភ្នាល់ទេបន្ទាប់ពីប្រតិកម្មបានផ្ទុះឡើងយ៉ាងកក្រើកចេញពីក្រុមប្រឆាំង។ ប៉ុន្តែ ដល់ខំលាង​គូថលោក សម រង្ស៊ី ខ្លាំងពេកភ្លេចគិតក៏បានធ្លោយមាត់និយាយចេញមកធ្វើឲ្យផែនការធ្វើបក្សប្រហាររបស់លោក សម រង្ស៊ី ដោយមិនដឹងខ្លួន ដែលធ្វើឲ្យផែនការនេះ បែកធ្លាយតែម្តង​ហើយក៏មានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីក្រុមអ្នកគាំទ្រលោក កឹម សុខា។

ឥឡូវនេះ លោក សម រង្ស៊ី ទំនងជាត្រូវផ្លាស់ប្តូរផែនការរបស់ខ្លួនវិញហើយបន្ទាប់ពីគម្រោងសម្ងាត់ត្រូវបានបែកការណ៍។ ក្នុងជំនួបជាមួយអ្នកគាំទ្រនៅក្រៅប្រទេសនេះ លោក សម រង្ស៊ី ទំនងជាត្រូវប្តូរទៅជាការជួបជុំជជែក​រឿងអនាគតក្រុមប្រឆាំងវិញ ចំណែកលោក សម រង្ស៊ី ដែលចូលរួមក្នុងពិធីនោះមានឋានៈ​ត្រឹមជាអ្នកចូលរួម​ធម្មតាម្នាក់ ឬជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ។ ការផ្លាស់ប្តូរផែនការរៀបចំបក្សប្រហារភ្លាមៗនេះគឺដោយសារមូលហេតុសំខាន់ៗមួយចំនួន៖

មូលហេតុទី១៖ គឺដោយសារលោក សម រង្ស៊ី បានមើលឃើញយ៉ាងច្បាស់ថាកម្លាំងដែល​គាំទ្រគាត់មានតិចតួចខ្លាំង​ណាស់បើធៀបនឹងអ្វីដែលគាត់រំពឹងទុក ខណៈដែលកម្លាំងប្រឆាំងចេញពីផ្ទៃក្នុងវិញមានច្រើនជាងអ្នកគាំទ្រ។ ដូច្នេះ ទោះបីជាដណ្តើមអំណាចពីលោក កឹមសុខា បានមកវិញក៏គ្មានន័យអ្វីដែរ។

មូលហេតុទី២៖ សម រង្ស៊ី បានមើលឃើញយ៉ាងច្បាស់ថា ប្រសិនបើខ្លួននៅតែបន្តផែនការបក្សប្រហារនេះ រូបលោក សម រង្ស៊ី ផ្ទាល់នឹងមានកំហុសកាន់តែ​ខ្លាំងពីបទបំផ្លាញគណបក្សខ្លួនឯង និងបំផ្លាញទឹកចិត្តអ្នកគាំទ្រខ្លួនឯងកាន់តែខ្លាំង បន្ថែមពីលើកំហុសឆ្គងជាបន្តបន្ទាប់ដែលគាត់បានធ្វើកាលពីពេលកន្លងទៅ។

មូលហេតុទី៣៖ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយដើរមួយជំហាន គិតមួយជំហាន ហើយពឹងតែលើបរទេសគូស​វាសឲ្យនោះបានមើល​ឃើញយ៉ាងច្បាស់ថា ខ្លួននឹងបាត់បង់ការគាំទ្រកាន់តែខ្លាំង​ពីមេកើយបរទេសរបស់ខ្លួន​ប្រសិនបើហ៊ានធ្វើបក្សប្រហារដណ្តើម​អំណាចពីលោក កឹម សុខា មែនពីព្រោះសូមកុំភ្លេចថា ការបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិ​មនុស្សរបស់លោក កឹម សុខា មិនមែនកើតឡើងពីឆន្ទៈរបស់លោក សម រង្ស៊ី ទេ ប៉ុន្តែ គឺដោយសារតែចៅហ្វាយបរទេសចាប់បង្ខំតែប៉ុណ្ណោះ។ ដូច្នេះ បើធ្វើខុសបំណងរបស់ចៅហ្វាយបរទេសក្រែងលោអស់ដីជ្រក។

ដូច្នេះ គេអាចនិយាយបានថា នេះជាបរាជ័យដ៏ជូរចត់ជាថ្មីទៀតរបស់លោក សម រង្ស៊ី បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ និងផ្ទួនៗរយៈពេលកន្លងទៅ។ បរាជ័យនេះក៏បាន​ផ្តល់មេរៀនដ៏អាម៉ាសមួយទៀតដល់លោក សម រង្ស៊ី ពីព្រោះវាបានបង្ហាញថា ទណ្ឌិត សម រង្ស៊ី ពិតជាអ្នកនយោបាយអសមត្ថភាព និងកាន់តែបាត់បង់ការគាំទ្រស្ទើរ​ដល់កម្រិតសូន្យទាំងក្នុងប្រទេស ក្រៅប្រទេស និងនៅលើឆាកអន្តរជាតិ។ នេះជាសញ្ញាដែលបញ្ជាក់ថា នយោបាយតួឯករបស់លោក សម រង្ស៊ី ដល់ទីបញ្ចប់ហើយ។ មានតែការដើរចេញពីឆាកនយោបាយដោយសន្តិវិធីទេជាជម្រើសល្អបំផុតរបស់ សម រង្ស៊ី។ បើមិនដូច្នេះទេ ចលនារុញច្រានលោក សម រង្ស៊ី ឲ្យខ្ទាតចេញពីឆាកនយោបាយ​ដោយបង្ខំ និងយ៉ាងអាម៉ាស ចេញពីផ្ទៃក្នុងអ្នកគាំទ្ររបស់ខ្លួននឹងកើតមានឡើងដោយចៀសមិនផុតឡើយ៕

ដោយអ្នកតាមដាននយោបាយតុកាហ្វេ