(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយករងតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក Frédéric VALLETOUX អភិបាលក្រុង Fontainebleau និងប្រតិភូចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នា ចែករំលែកបទពិសោធន៍រវាងបេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau។
ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាពិសេសក្នុងស្ថានភាព ដែលរមណីយដ្ឋានទាំងពីរកំពុងតែទទួលបាននូវកំណើនភ្ញៀវទេសចរ គួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ និងស្វែងរកការសហការណ៍ផ្សេងៗ នាពេលអនាគត រវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau។
ម្យ៉ាងទៀត ដើម្បីស្វែងយល់អំពីផលប៉ះពាល់ទៅលើបេតិកភណ្ឌដែលភ្ញៀវទេសចរមកទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ការអភិរក្សប្រាសាទ និងការគ្រប់គ្រងធនធានធម្មជាតិដូចជា ទឹក ព្រៃឈើ ព្រមទាំងពិនិត្យលទ្ធភាពនៃការចងសម្ព័ន្ធមេត្រីភាព ដើម្បីផ្លាស់ប្តូរបច្ចេកទេសរវាងរមណីយដ្ឋានបេតិកភណ្ឌទាំងពីរ ទាក់ទងនឹងប្រាសាទ ការអភិរក្ស ធនធានធម្មជាតិមានទឹក ព្រៃឈើ និងទេសភាពវប្បធម៌ជាដើម៕