(សៀមរាប)៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរអប្សរា បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់រៀបចំកម្មវិធីអប់រំបេតិកភណ្ឌមួយ សម្រាប់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែ នៅក្នុងឧទ្យានអង្គរ ក្នុងឱកាសខួបទី១០ឆ្នាំ នៃការបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរខាងវិស័យអភិរក្ស និងជួសជុលចម្លាក់ថ្មរបស់អង្គការ GIZ នៅតំបន់អង្គរ។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកសម្របសម្រួលបច្ចេកទេសបរទេស២រូប គ្រូបង្វឹក៣រូប សិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែ ចំនួន៥០នាក់ និងលោកគ្រូអ្នកគ្រូ៥រូប។
កម្មវិធីនេះរៀបចំឡើងនៅប្រាសាទបន្ទាយសំរ៉ែ ក្នុងបំណងផ្តល់សញ្ញាណខ្លះៗអំពីកិច្ចការអភិរក្សចម្លាក់ថ្មប្រាសាទ តាមរយៈការបង្ហាញផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ និងណែនាំអំពីរបៀបថែទាំងចម្លាក់ដោយប្រើសម្ភារៈ និងឧបករណ៍សម្អាត ជួសជុលជាដើម។ ក្រៅពីនេះ អ្វីដែលសំខាន់នោះសម្រាប់កម្មវិធីនេះ គឺបណ្តុះគំនិតស្រឡាញ់ និងចូលរួមថែរក្សាមរតកដូនតាខ្មែរដល់សិស្សានុសិស្សដែលរស់នៅក្បែរប្រាសាទបុរាណ។
ទាក់ទងនឹងចំណុចបណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាប្រាសាទក្នុងតំបន់អង្គរ លោកប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានពន្យល់ដល់សិស្សានុសិស្សថា ហេតុអ្វីបានជាយើងត្រូវការថែរក្សាការពារមរតកដូនតារបស់យើង ជាពិសេសប្រាសាទនិងរូបចម្លាក់នៅតាមប្រាសាទ? ព្រោះថាមនុស្សរស់ត្រូវការរបស់ពីរសំខាន់៖ ទី១. មធ្យោបាយដើម្បីរស់ ដូចជាអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងជម្រកជាដើម, ទី២. វប្បធម៌៖ បើមនុស្សរស់គ្មានវប្បធម៌ មនុស្សនឹងមិនដឹងពូជពង្ស មិនដឹងដូនតានៅឯណាមកពីណា ដូនតាបានធ្វើអ្វីខ្លះ។
លោកបានបន្តទៀតថា ដូនតាខ្មែរបានសង់ប្រាសាទជាមរតកវប្បធម៌ដើម្បីសម្គាល់ថា យើងជាខ្មែរ យើងមានពូជពង្សវង្សត្រកូលជាអ្នកសង់ប្រាសាទ មានអារ្យធម៌ខ្ពង់ខ្ពស់។ ចុះបើយើងមិនស្រឡាញ់ មិនចូលរួមថែរក្សាការពារ ថ្ងៃអនាគត មរតកដូនតាយើងកាន់តែខូចខាត និងឈានទៅរកការបាត់បង់។ ពេលនោះហើយកូនចៅយើងជំនាន់ក្រោយៗមកទៀត នឹងមិនដឹងថាដូនតាយើងជាអ្នកណា បានសាងអ្វីខ្លះ មានអារ្យធម៌ដូចម្តេច?
បន្ថែមពីនោះ លោក លី វណ្ណា ក៏បានរំឭកដែរថា នៅសម័យអង្គរដូនតាយើងតែងតែក្រើនរំឭកទូន្មានដល់កូនចៅឱ្យស្រឡាញ់ ថែរក្សាប្រាសាទ និងមរតកបុរាណដទៃទៀត តាមរយៈសិលាចារឹកនៅលើថ្មប្រាសាទជាមួយនឹងបម្រាម ក៏ដូចជាការដាក់បណ្តាសាដល់អ្នកដែលបំផ្លាញប្រាសាទ ឬប្រព្រឹត្តអំពើមិនគប្បីចំពោះប្រាសាទ នឹងត្រូវចុះឋាននរករហូតដល់ព្រះច័ន្ទ និព្រះអាទិត្យលែងរះ៕