(កោះកុង)៖ ក្រសួងទេសចរណ៍ ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ក្រោមក្របខណ្ឌវិថី និងខ្សែក្រវាត់ នៅរមណីយដ្ឋានតារាសាគរ ក្នុងនោះមានសិក្ខាកាមចូលរួមចំនួន ២០នាក់។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Huang Shaoyong នាយករងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងគ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងសិក្ខាកាមសរុបប្រមាណ ៦០នាក់។
លោករដ្ឋលេខាធិការបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ដែលបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសបានបញ្ជូនសាស្រ្តាចារ្យជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន មកចូលរួមបណ្តុះបណ្តាលដល់មន្រ្តី អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
នៅក្នុងឱកាសនោះដែរ លោកលេខាធិការក៏បានស្នើសុំឱ្យវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន បន្តបើកវគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ផ្សេងៗ សម្រាប់ចូលរួមអភិវឌ្ឍសមត្ថភាពដល់មន្រ្តី អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នាពេលខាងមុខបន្ថែមទៀតផងដែរ។
លទ្ធផលជារួម ដោយវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ និងបានផ្តល់ចំណេះដឹង និងជំនាញដល់មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍លើការគ្រប់គ្រង និងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ អង្គពិធីទាំងមូលបានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ដែលបានតែងតែគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមចំណែកជំរុញ និងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើននៅកម្ពុជា។
គួរកត់សម្គាល់ថា រយៈពេល៩ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៤.៣លាននាក់ កើនឡើងប្រមាណ ១១,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹង
ចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕