(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង និងគ្រប់ស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់ សារធាតុ គីមី ហាមឃាត់ ដោយបានចុះត្រួតពិនិត្យទំនិញនៅមាត់ច្រកអូររំដួលស្ថិនៅក្នុងស្រុកភ្នំព្រឹក ដោយដកហូតទំនិញខូចគុណភាពចំរុះសរុបប្រមាណ ២៨៥ គ.ក្រ យកមកដុតកំទេចចោលភ្លាមៗនៅនឹងកន្លែង។
លោក ហាក់ សុខរិន ប្រាធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឱ្យដឹងថា មន្រ្តីជំនាញនៅតែបន្តចុះត្រួតពិនិត្យជាប្រចាំ ហើយធ្វើការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ នៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ ប្រាប់ពីផលប៉ះពាល់សុខភាពដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ ឬនាំចូលពីប្រទេសថៃនិងធ្វើការត្រួតពិនិត្យរាល់ការនាំចូល ការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ មិនឲ្យមានធ្វើចរាចរណ៍នៅលើទីផ្សារបន្តទៀត។
លោកបានបញ្ជាក់ថា ទំនិញខូចគុណភាពដែលមន្រ្តីជំនាញយើងបានស្ទាក់ចាប់មានចំនួន២៨៥ គក្រ ក្នុងនោះសាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព ២៦០ គក្រ នំចំរុះខូចគុណភាព ២៥ គក្រ ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។ បច្ចុប្បន្នទំនិញដែលរឹបអូសបានត្រូវបានយកមករក្សាទុកនៅសាខាដើម្បីដុតកំទេចចោលភ្លាមៗនៅនឹងកន្លែង។