(បន្ទាយមានជ័យ)៖ ថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបសំណេះសំណាលក្នុងពិធីខួប៤៣ឆ្នាំ " មិត្តជួបមិត្ត " ខេមរយានកម្មឆ្នាំទី២ និងទី៣ អតីតសិស្សវិទ្យាល័យវិទ្យាល័យមង្គលបុរី ដើម្បីរម្លឹកពីអនុស្សាវរីយ៍ក្រោយបែកគ្នាអស់រយះកាល៤៣ឆ្នាំ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត៣០០នាក់មកពីទីចាត់ឆ្ងាយ និងក្រៅប្រទេស។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា : យុទ្ធសាស្រ្តឈ្នះ ឈ្នះ និងគោលនយោបាយសុខដុមនីយកម្មសង្គមជាតិ ដឹកនាំដោយសម្តេចតេជោហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាពរីកចម្រើនចាក់ផុតពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រឹតទាប និងកំពុងធ្វើដំណើរឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងបានលើកតម្កើងកិត្យានុភាពជាតិស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់នៅលើឆាកអន្តរជាតិ ។ កត្តាទាំងអស់នេះហើយ ដែលបានធ្វើឲ្យយើងទាំងអស់គ្នាមានឱកាសមកជួបជុំគ្នានិយាយពីសុខទុក្ខ រំលឹកពីអនុស្សាររីយ៍ បទពិសោធន៍នានាដែលបានជួបប្រទះក្នុងរយ:កាល៤៣ឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងនេះដែរការធ្វើពលិកម្មគ្រប់បែបយ៉ាងការផ្តល់ជាបទពិសោធន៍ល្អៗដើម្បីអប់រំកូនចៅយើងទាំងអស់គ្នាឲ្យក្លាយជាពលរដ្ឋល្អមានចំណេះដឹងជាធនធានដ៏មានសក្តានុពលសម្រាប់ចូលរួមជួយកសាងប្រទេសជាតិឲ្យរីកចម្រើនទៅមុខគឺជាគុណតម្លៃរបស់យើងទាំងអស់គ្នា។
ជាមួយនឹងភាពសប្បាយរីករាយនឹករលឹកក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកវត្ថុអនុស្សាវរីយ៍មានក្រម៉ាសូត្រ សារ៉ុង ត្រីងៀត និងថវិកា សម្រាប់ប្រគល់ជូន មិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមផងដែរ។