(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណកម្មាធិការកណ្តាល ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងអង្គប្រជុំបូកសរុបការងារប្រចាំខែវិច្ចិកា និងដាក់ចេញទិសដៅអនុវត្តបន្ត របស់គណបក្សប្រជាជនខេត្តឧត្តរមានជ័យ។
ថ្លែងនៅក្នុងអង្គប្រជុំ ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងពីលទ្ធផលការងារ ដែលគណបក្សខេត្តសម្រេចបានក្នុងខែកន្លងមក ដែលជាការប្រឹងប្រែង អនុវត្តការងាររបស់ក្រុមការងារ ថ្នាក់ដឹកនាំគណបក្ស និងសមាជិកបក្សនៅទូទាំងខេត្ត។
ជាមួយគ្នានេះ លោក គន់ គីម ក៏បានលើកសសើរដល់ក្រុមការងារ ថ្នាក់ដឹកនាំបក្ស និងក្រុមការងារយុវជន ដែលកន្លងមកបានយកចិត្តទុកដាក់ ជួយដល់អតីតយុទ្ធជន ប្រជាជនក្រីក្រ និងមានជំងឺ ឬទទួលមរណភាពបានទាន់ពេល និងសូមឲ្យបន្តបង្កើនការងារនេះតទៅទៀត។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានណែនាំឲ្យមន្ត្រីគ្រប់ថ្នាក់ ត្រូវបង្កើនប្រសិទ្ធភាពការងារ ខិតខំបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា តម្លាភាព កុំរើសអើង និងត្រូវមានសីលធម៌ល្អ។
ជាចុងក្រោយ បានជំរុញឲ្យក្រុមការងារ និងគណបក្សខេត្ត ស្រុក ក្រុង ត្រូវបន្តដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅមូលដ្ឋាន និងបញ្ហាសេសសល់ ដែលបានសន្យាជាមួយគាត់កន្លងមក ឲ្យសមនឹងការជឿទុកចិត្តរបស់ប្រជាជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕