(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៣ ឆ្នាំ២០១៨ នឹងនឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រនាថ្ងៃអាទិត្យ ទី២ ខែធ្នូនេះហើយ ដែលមានអត្តពលិកជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បានចូលរួមរត់ដើម្បីជាកម្លាំងមនុស្សធម៌។
តាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួតនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ថា សម្រាប់កម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំ២០១៨នេះមានអ្នកចុះឈ្មោះចូលរួមប្រកួតជាង១ម៉ឺនដែលមានទាំងជនជាតិខ្មែរ និងបរទេស។
អ្នករត់ប្រណាំងទាំងអស់នឹងជួបជុំគ្នានៅមុខប្រាសាទអង្គរវត្តនៃទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៣ ដែលឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៥:៣០ នាទីព្រឹកខាង។
កម្មវិធីរត់ប្រណាំងចម្រុះជាតិសាសន៍ប្រចាំឆ្នាំនេះធ្វើឡើងក្នុងគោលសំខាន់រួមតែមួយ គឺសប្បុរសធម៌ទៅដល់មន្ទីរពេទ្យកុមារអង្គរ មន្ទីពេទ្រគន្ធៈបុប្ផា សហព័ន្ធកីឡាជនពិការកម្ពុជា អង្គការ Cambodia Trust និងឧបត្ថម្ភដល់ គម្រោងថែរក្សាកុមារ អភិវឌ្ឍយុវជន និងអប់រំ ស្តារនិតិកាយសម្បទាជនពិការកម្ពុជា។
ជាលើកទី២៣ហើយ បន្ទាប់ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គវត្តនេះ ត្រូវបានរៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៩៦ មកម៉្លេះ ដោយមានអ្នកចូលរួម មកពីបណ្តាលប្រទេសផ្សេងៗប្រមាណ៧០ប្រទេស ជុំវិញពិភពលោក។
រហូតដល់ពេលនេះចំនួនអ្នកចុះឈ្មោះរត់កើនឡើងជិត១ម៉ឺននាក់ហើយដែលចំនួននេះ នឹងបន្តកើនឡើងបន្ថែមទៀត ទម្រាំដល់ថ្ងៃបិទការចុះឈ្មោះដែលគណៈកម្មាធិការរំពឹងទុកថា ចំនួនអ្នកចូលរួមនឹងកើនឡើងដល់ជាង១ម៉ឺននាក់។
កុំភ្លេចណា! យកលិខិតបញ្ជាក់នៃចុះឈ្មោះ ឬលិខិតឆ្លងដែន ដើម្បីទៅបង្ហាញដល់គណៈកម្មការរៀបចំការប្រកួតនៅ Courtyard by Marriott Siem Reap Resort ដើម្បីទទួលបានខោអាវ (Race Kit) គិតចាប់ពីពេលនេះ ដល់ថ្ងៃទី១ ខែធ្នូ ពីម៉ោង៩ព្រឹកដល់ម៉ោង៨យប់៕