(កំពង់ឆ្នាំង)៖ ស្នូរសំលេង គងស្គ ទះប៉ោត គោះត្រដោក នឹងបន្លឺឡើងនៅតាមបណ្ដាទីវត្តអារាម និងភូមិរបស់អ្នកស្រុក ខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល «ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយឡែកនៅឯបរិវេណ នៃសាលាខេត្តកំពង់ឆ្នាំង ក៏បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរ ដែលល្ខោនខោល បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះផងដែរ ដែលបានប្រព្រឹតទៅដោយរលូនក្រោមវត្តមានលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្ត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕