(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប ត្រូវបានអញ្ជើញឲ្យធ្វើទស្សនកិច្ច នៅក្នុងទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលក្រុមហ៊ុនរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំ២០១៨ ជាលើកទី២។
លោក លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ ដែលត្រូវបានអញ្ជើញឲ្យទស្សនកិច្ចក្នុងក្រុមហ៊ុនរបស់លោក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកសារព័ត៌មាន ដែលតែងតែបានផ្សព្វផ្សាយពីសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
លោក លាង ឃុន បានបន្តថា អ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពពិតនៃសង្គម ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានផ្សព្វផ្សាយអំពីសន្តិភាព និងស្ថិរភាពនយោបាយ និងភាពរីកចម្រើននៃសង្គមកម្ពុជា ដែលជាគន្លឹះកត្តាទាក់ទាញវិនិយោគិន ឲ្យវិនិយោគនៅក្នុងប្រទេស ដូច្នេះភាពរីកចម្រើនរបស់ជាតិ ត្រូវផ្អែកមួយផ្នែកលើសារព័ត៌មាន។ ក្នុងនាមអ្នកនៅក្នុងវិស័យឯកជន លោកថាគ្មានចង់បានអ្វីក្រៅពីសន្តិភាព និងស្ថិរភាពនយោបាយ និងភាពរីកចម្រើនរបស់ប្រទេសនោះឡើយ។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ បានកោតសរសើរដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានកែប្រែខ្លួន ពីក្រុមហ៊ុនសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនយក្សមួយ នៅក្នុងប្រទេសកម្ពុជា ដោយបានរួមចំណែកជួយបង្កើត ការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ លោកក៏បានកោតសរសើរក្រុមហ៊ុននេះ ដែលមានលក្ខខណ្ឌការងារល្អ សម្រាប់កម្មករផងដែរ។
ក្នុងពេលជួបជុំនោះ សហការីរបស់អង្គភាព Fresh News បានសម្តែងចំណាប់អារម្មណ៍គាំទ្រ ចំពោះការលើកឡើងរបស់លោក លាង ខុន ដែលបានកោតសរសើរ និងចាត់ទុកអ្នកសារព័ត៌មាន ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែក កសាងនិងអភិវឌ្ឍន៍ ដល់សង្គមជាតិ។ សហការីបានបន្ថែមថា វិស័យឯកជននានា ពុំគួរគិតតែផ្សាយពាណិជ្ជកម្ម ដោយចំណាយលុយ ទៅលើស្ពតពាណិជ្ជកម្ម ច្រើនពេកនោះទេ គួរតែស្វែងរកអ្នកសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយវិញ ទើបជាការប្រសើរ ព្រោះគេនឹងអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន ហើយអាជីវកម្មរបស់ខ្លួន ក៏ត្រូវបានចាប់អារម្មណ៍៕