(ព្រះវិហារ)៖ សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ចំនួន២១០នាក់ នៅស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានលោក សុខ សាន្តតារា ជាអភិបាលស្រុកឆែប នាំយកសម្ភារសិក្សាមួយចំនួនទៅផ្តល់ជូនពួកគេ ក្នុងនោះចំណែកសិស្សដែលមានជីវភាពខ្វះខាតខ្លាំងចំនួន១០នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ដូនទន់ ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ទទួលបានកង់ម្នាក់មួយគ្រឿង។
លោក សុខ សាន្តតារា បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវធ្វើយ៉ាងខិតខំសិក្សារៀនសូត្រ គោរពឱពុកម្តាយ លោកគ្រូ-អ្នកគ្រូ និងចាស់ព្រឹទ្ធចារ្យ ព្រមទាំងចៀសឱ្យពីអំពើអបាយមុខ ជាពិសេសការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់អនាគត និងធ្វើសង្គមជាតិស្អប់ខ្ពើមផងដែរ។
លោក សុខ សាន្តតារា បានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសសម្តេចតេជោ តែងតែគិតគូរយ៉ាងខ្លាំង ដល់វិស័យអប់រំ ដែលជាវិស័យអទិភាពមួយក្នុងវិស័យនានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍ ប្រទេសជាតិ ឱ្យកាន់តែរីកចំរើន ថែមទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពទៅលើបញ្ហាធនធានមនុស្សដោយក្នុងនោះបាន ធ្វើការបណ្តុះបណ្តាល ឱ្យកូនចៅប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ដាច់ស្រយ៉ាលឱ្យមានចំណេះដឹងគ្រប់ៗគ្នាដោយបានបង្ខិតសាលារៀនឱ្យនៅជិត និងផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋថែមទៀតផង។
ទន្ទឹមនឹងនោះដែរ លោកអភិបាលស្រុកឆែប ក៏បានជម្រាបជូនប្អូនៗសិស្សានុសិស្សអំពីការយកចិត្តទុកដាក់របស់លោកអភិបាលខេត្តព្រះវិហារ អ៊ុន ចាន់ដា ជានិច្ចជាកាលលោកអភិបាលខេត្តតែងធ្វើកម្មវិធីលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់និទ្ទេស A និងនិទ្ទេស B ជារៀងរាល់ឆ្នាំ ដែលករណីនេះសូមប្អូនៗទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីដណ្តើមយកពានរង្វាន់ពីលោកអភិបាលខេត្តនៅឱកាសក្រោយៗទៀត៕