(សៀមរាប)៖ នៅរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។
របាយការណ៍បញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,៣២៣,១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦.០៩ភាគរយ។
បើតាមរបាយការណ៍ ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,៦៤៦,៣៣៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕