(តាកែវ)៖ អភិបាលខេត្តតាកែវលោក អ៊ូច ភា និងលោកស្រី នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋជួបជុំគ្នា នៅសាលាខេត្តតាកែវ ចូលរួមអបអសាទរដោយមានការវាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
បន្ទាប់ពីបានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជារួច អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែទៅកាន់មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពីធីអបអរសាទរថា ការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
ម្យ៉ាងទៀតលទ្ធផលដ៏វិសេសវិសាលនៅថ្ងៃនេះ គឺបានមកកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
លោកអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់កម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ជាពិសេសធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕