(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរព្ធពិធីពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០១៨ ក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥» ព្រមទាំងចែកអំណោយមនុស្សធម៌ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយមេរោគអេដស៍។
ជាមួយគ្នានេះដែរលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ខេត្តស្វាយរៀង ក៏បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន២៧៥នាក់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខានៅតាមមន្ទីរ អង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
ឆ្លៀតក្នុងឱកាសនេះលោក ម៉ែន វិបុលបានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមកនិងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យ បើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើ ឱ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឱ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង។
លោក ម៉ែន វិបុល បានថ្លែងថា ដោយគូសបញ្ជាក់ អំពីយុទ្ធសាស្ត្ររយៈពេលវែង២០១១-២០២០ ទស្សនៈវិស័យបេសកម្ម និងវិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជា ដែលចែងថាការរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតានឹងទារក ការពារជំងឺឆ្លង និងអន្តរាគមន៍ក្នុងគ្រាអាសន្ន។
លោកប្រធាន បាននាំនូវបណ្តាំការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ពិសេស អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ កុំឱ្យអស់សង្ឃឹមត្រួវតស៊ូ និងថែរក្សាសុខភាពឱ្យបានល្អ។
លោកវេជ្ជៈ កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ នៅថ្នាក់ខេត្តមាន សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និងរក្សាការសម្ងាត់២កន្លែង និងមានសេវាធ្វើតេស្តឈាម ដោយចោះចុងម្រាមដៃ នៅគ្រប់មណ្ឌលសុខភាពទូទាំងខេត្ត ដោយឥតគិតថ្លៃមានសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន២កន្លែង មានក្រុមថែទាំអ្នកជំងឺអេដស៍ តាមផ្ទះដែលសម្របសម្រួល ដោយបណ្តាញអ្នកផ្ទុកមេរោគអេសដ៍ ជាលទ្ធផលគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៨ ចំនួនអ្នកមកធ្វើតេស្តឈាម មានចំនួន១៧,១២៦នាក់ វិជ្ជមានមានចំនួន ៥៥ករណី ត្រូវជា ០.៣%។ ចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មី ចូលសេវាផ្តល់ឱសថប្រឆាំង មានចំនួន៤៧នាក់ ចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន១៣៨៥នាក់។
លោក ស៊ូ សាវ៉ុន ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ នឹងជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រា ដែលរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ធ្វើឱ្យពួកយើងខ្ញុំជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើងដល់អ្នកផ្ទុក និងអ្នកជំងឺអេដស៍ និងធ្វើឱ្យពួកគេមានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត។
សម្ភារដែលសាខាកាកបាទក្រហម បានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ នៅពេលនេះ គឺក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, សាប៊ូដុំ៤ដុំ, ទឹកដោះគោខាប់៥កំប៉ុង, មុង១ភួយ, ១សារ៉ុង១, ក្រម៉ា១អាវយឺត, ថវិកា៤០,០០០រៀល លោកស្រី ហៅ ចន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភថវិការបន្ថែម ក្នុងម្នាក់ៗ ១០,០០០ រៀល៕