(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars Phnom Penh សូមបង្ហាញនូវរថយន្ត SUV ប្រណីតបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Cullinan ដែលនឹងមានវត្តមាន នៅតាមដងផ្លូវរាជធានីភ្នំពេញ ឬនៅតាមដងផ្លូវជនបទ ក្នុងប្រទេសកម្ពុជា។ រថយន្ត Cullinan នឹងនាំអតិថិជនដែលចូលចិត្ត ធ្វើដំណើរផ្សងព្រេងទៅកាន់គ្រប់ទិសទីក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រណីតភាពចុងក្រោយបំផុត។
ថ្លែងក្នុងពិធីសម្ពោធ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Ian Grant នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានថ្លែងថា «រថយន្ត Cullinan នេះប្រហែល ជារថយន្ត Rolls-Royce ដែលមានការរំពឹងចង់ឃើញខ្លាំង ជាងគេបំផុតនៅកម្ពុជា ដែលនៅទីនេះ រថយន្ត SUV មានការពេញនិយមខ្លាំងណាស់»។
នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars រូបនេះ បានបញ្ជាក់ថា នៅពេលនេះ អតិថិជនរថយន្ត Rolls-Royce អាចជាវកំពូលរថយន្ត SUV ដែលអាចធ្វើដំណើរដោយរលូន ទៅកាន់គ្រប់ទីកន្លែង ប្រកបដោយភាពប្រណីត និងភាពទាក់ទាញ។
លោក Ian Grant បន្ដថា គ្រប់ Rolls-Royce Cullinan ទាំងអស់សុទ្ធតែមានលក្ខណៈ bespoke ហើយប្រើប្រាស់គ្រោងតួ ដែលហៅថា «ស្ថាបត្យកម្មប្រណីត» ដែលជួយឲ្យរថយន្តមានដំណើរការល្អ ផ្ដល់ផាសុកភាព និងប្រណីតភាព ដែលទាំងអស់នេះពុំធ្លាប់ឃើញមាន ពីមុនមកឡើយសម្រាប់រថយន្តប្រភេទ SUV។
លោក Herfried Hasenoehrl តំណាងក្រុមហ៊ុន HGB Group បានថ្លែងថា «ក្នុងនាមជាភ្នាក់ងារចែកចាយ តែមួយគត់សម្រាប់រថយន្ត Rolls-Royce ក្នុងទីផ្សារកម្ពុជា យើងមានក្ដីរំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ ការមកដល់នៃម៉ូដែល Cullinan នេះ។
តំណាងក្រុមហ៊ុន HGB Group បានបន្ថែមថា «ច្បាស់ណាស់ គឺគ្មានអ្វីសង្ស័យទេ នេះជារថយន្ត SUV របស់ Rolls-Royce ហើយនៅពេលនេះ រថយន្តនេះ នឹងក្លាយជាកំពូលរថយន្តសម្រាប់ផ្នែករថយន្ត SUV។
រថយន្តដ៏ពិសេសនេះ កំពុងនាំអតិថិជនថ្មីឲ្យមករករថយន្ត Rolls-Royce ដែលអតិថិជនទាំងនោះ ឲ្យតម្លៃលើការធ្វើដំណើរផ្សងព្រេង និងសេរីភាពក្នុងការធ្វើដំណើរ»។
សូមបញ្ជាក់ថា រថយន្ត Cullinan នេះ មានកម្ពស់១,៨៣៦mm ជាកម្ពស់ដែលត្រូវបាន ធ្វើឲ្យលេចធ្លោតាមរយៈអនុបាតរវាងកញ្ចក់ធំ និងផ្ទៃលោហៈរបស់រថយន្ត នៅពេលមើលពីចំហៀង។ គំរបថាសកង់ ដែលមានទំហំ ២២អ៊ិញ ជួយបំពេញសម្រស់បន្ថែមដល់រថយន្ត Cullinan ចំណែកឯជម្រៅនៃផ្ទៃខាងរថយន្តវិញ គឺត្រូវបានបែងចែកដោយបន្ទះលោហៈ ប្រៀបបាននឹងលំពែងរបស់ Saxon ដែលស្ថិតនៅផ្នែកខាងក្រោមទ្វារហើយធ្វើឲ្យ ផ្ទៃខាងរបស់រថយន្តមានភាពហាប់ណែនស្រស់ស្អាត។
នៅផ្នែកខាងក្រោយ ការរចនាសម្រាប់ចង្កៀងក្រោយ មានលក្ខណៈសមញ្ញ ដោយចង្កៀងបញ្ឈរទាំងពីរ ផ្ទុកនូវអំពូលភ្លើងទាំងអស់ ហើយមានតុបតែងតិចតួចដោយបន្ទះឆ្នូតស្ដើងនៃគ្រឿងមានតម្លៃនៅចំកណ្ដាលចង្កៀងនោះ។
សញ្ញាចុងក្រោយដែលបង្ហាញឲ្យឃើញពីមុខងារសម្រាប់ការប្រើប្រាស់ទូទៅ គឺបំពង់ស៊ីម៉ង និងផ្ទាំងលោហៈនៅបាតរថយន្ត ដែលគ្រឿងបំពាក់ទាំងពីរនេះសុទ្ធតែធ្វើឲ្យគេនឹកឃើញដល់ថាមពល និងសមត្ថភាពរបស់រថយន្ត Cullinan៕