(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋពិតជាមានសេចក្តីសោមនស្ស រីករាយខ្លាំងណាស់ និងសូមសម្តែងនូវការអបអរសាទរ ដែលសម្បត្តិវប្បធម៌កម្ពុជាជាច្រើន ដែលបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
លោកអភិបាលខេត្ត បានថ្លែងបែបនេះនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណមុខសាលាខេត្តកំពង់ចាម ខណៈដែលលោកដឹកនាំគណៈអភិបាលខេត្ត និងប្រជាពលរដ្ឋចូលរួមក្នុងពិធី វាយគង ទូងស្គ ដើម្បីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
លោក គួច ចំរើន បានថ្លែងថា «យើងពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលល្ខោនខោល និងសម្បត្តិវប្បធម៌កម្ពុជាយើងជាច្រើន ដែលជាកេរ្តិ៍មរតកដូនតា បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ហើយអ្វីដែលបងប្អូនប្រជាពលរដ្ឋយើង កំពុងជួបជុំអបអរសាទរ សប្បាយរីករាយទាំងអស់គ្នានេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជារបស់យើង កំពុងមានសុខសន្តិភាពយ៉ាងពេញលេញ ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយើង ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំជាច្រើនកន្លែងធ្វើពិធីជួបជុំដើម្បី អបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០១៨។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទូទាំងប្រទេសកម្ពុជា៕