(កំពង់ស្ពឺ)៖ ព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្ត ចាប់ផ្សិកដោយសាររឿងប្រឌិតថា មានចោរលួចលុយវត្តជាង១៦លានរៀល និងដុល្លារ៩០០ដុល្លារ តែការពិតក្រោយស្រាវជ្រាវពីកម្លាំងនគរបាល ព្រះចៅអធិការជាអ្នកលួចលុយវត្តដោយខ្លួនឯង។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបង្ហាញរបាយការណ៍ឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការប្តឹងមកសមត្ថកិច្ចនគរបាលកម្លាំងជំនាញ បានបើកការស្រាវជ្រាវករណីលួច(លុយ)មួយ នៅវត្តទេពឧណ្ណារាម នៅភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទងបន្ទាន់តាមបណ្ដឹងព្រះចៅអធិការវត្ត។
យោងតាមលទ្ធផលស្រាវជ្រាវកាលពីវេលាម៉ោង០២៖២០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ ម៉ន អឿន អាយុ៤២ឆ្នាំ ត្រូវជាព្រះចៅអធិការវត្តទេពឧណ្ណារាម បានប្តឹងមកកម្លាំងនគរបាលស្រុកសំរោងទង ថាមានជនមិនស្គាល់អត្តសញ្ញាណមិនដឹងចំនួន ធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារកុដ្ឋដិ ចូលយកប្រាក់ខ្មែរអស់ចំនួន១៦,០៥០,០០០រៀល និងប្រាក់ដុល្លារចំនួន៩០០ដុល្លារ។
ក្រោយបានទទួលពាក្យបណ្តឹងនេះនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលបានចុះធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយរកឃើញថា ករណីខាងលើនេះ គឺជារឿងប្រឌិតច្បាស់ក្រឡែត ហើយប្រព្រឹត្តឡើងដោយព្រះសង្ឃខ្លួនឯង ព្រះនាម ម៉ន អឿន ផ្ទាល់ព្រះអង្គតែម្តង។ សមត្ថកិច្ចបានប្រមូលភស្ដុតាង និងឈានទៅសួរនាំព្រះចៅអធិការ រហូតសារភាពថា មូលហេតុដែលខ្លួនភូតកុហកបែបនេះ ដោយសារតែមានភាពខ្វះខាតក្នុងក្រុមគ្រួសារ ហើយត្រូវការលុយចាំបាច់។
ព្រះចៅអធិការអង្គនេះ បានសារភាពបន្តថា ប្រាក់ចំនួន១៦,០៥០,០០០រៀល បានផ្ញើទៅឲ្យកូននៅភ្នំពេញ ចំណែកឯប្រាក់ចំនួន៩០០ដុល្លារ គឺនៅនឹងព្រះអង្គមិនទាន់ចាយវាយទៅណាទេ។ ប៉ុន្ដែទោះជាយ៉ាងណា ព្រះចៅអធិការវត្តទេពឧណ្ណារាម ត្រូវបានមន្ទីរធម្មការ ចាប់ផ្សិកនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨៕